យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) សម្រេចបានជិត ៤០ម៉ឺននាក់ ក្នុងរយៈពេល២សប្តាហ៍
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ដែលជាប្រភេទវ៉ាក់សាំង Pfizer ហើយជាជំនួយរបស់ប្រទេសអូស្ត្រាលីតាមរយៈយន្តការកូវ៉ាក់ ជូនកម្ពុជាកន្លងមកនេះ បានបង្ហាញពីវឌ្ឍនភាពបន្ថែមទៀត ដោយសម្រេចចាក់បានចំនួន ៣៩៣ ៦៨៤ នាក់ ក្នុងរយៈពេល២សប្តាហ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ១៩៦ ៩២៥ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៤៤ ៩៣៤ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩៧% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសជំរុញ (ដូសទី៣) សម្រេចចាក់បានចំនួន ៤ ៨៨១ ៥៦២ នាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៧ ៩២៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៩ ៤៣៧ នាក់ ដែលស្មើនឹង ៩៩.៤៨% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៨ ៨៩៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៩ ៣៥០ នាក់ ដែលស្មើនឹង ១០៥.៨៨% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២១ ៥៥៨ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៤ ១៨៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.៦៧%។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ នៅព្រះរាជាណាចក្រកម្ពុជា ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៦៦% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕


ប្រភព៖ ក្រសួងព័ត៌មាន