ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការបង្កើនការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

    BY Khmernote Media January 29, 2022
    រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការបង្កើនការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើនការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដើម្បីបម្រើឱ្យការដឹកជញ្ជូនកាន់តែសម្បូរបែបបន្ថែមទៀត។

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ និងការដាក់គោលដល់បន្តសម្រាប់ឆ្នាំ២០២២របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៨ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាដែលមានស្រាប់ សំដៅឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប និងបន្តឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ព្រមទាំងជំរុញដំណើរការស្តារ និងលើកកម្រិតសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែកឱ្យមានចលនារស់រវើក និង ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏បានជំរុញឱ្យបញ្ចប់ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក និងចំណុចឆ្លងកាត់រវាងផ្លូវដែក និង ផ្លូវថ្នល់ ដើម្បីគ្រប់គ្រងដីចំណីផ្លូវដែកឱ្យមាន ប្រសិទ្ធភាព និងបញ្ចៀសការទន្ទ្រានកាន់កាប់នានា និងបន្តសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការ ចុះបញ្ជីដីកម្មសិទ្ធិស្ថានីយរថ ភ្លើងដែលនៅសេសសល់ ។

    បើតាមការបញ្ជាក់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំផែនការសាង សង់ផ្លូវចៀសចំនួន១១កន្លែងបន្ថែមទៀត សម្រាប់ខ្សែផ្លូវ ដែកទាំងពីរទិស ដើម្បីសម្រួលក្នុងការផ្ទេរលើកដាក់ទំនិញ រួមមាន ផ្លូវចៀសខ្សែផ្លូវដែកភាគខាងត្បូងចំនួន ៨កន្លែង និងផ្លូវចៀសខ្សែផ្លូវដែកភាគខាងជើងចំនួន ៣កន្លែង។ ជាមួយគ្នានេះ ក៏កំពុងជំរុញការសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿនតាមគោលដៅខាងលើ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យបរិមាណដឹកជញ្ជូនតាមផ្លូវដែកមានការថយចុះ ដោយក្នុងនោះការដឹកជញ្ជូនទំនិញមានសរុបជាង៩៩ម៉ឺនតោន ថយចុះ១០,៥៥ភាគរយ និងបរិមាណដឹកជញ្ជូនអ្នកដំណើរមានចំនួន៣.៦១៤នាក់ ថយចុះ ៨៥,៥៤ភាគរយ បើធៀបជាមួយការអនុវត្តឆ្នាំ២០២០ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: