ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សម្រេចបានប្រមាណ ៥លាន៥សែននាក់

    BY Khmernote Media January 31, 2022
    យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សម្រេចបានប្រមាណ ៥លាន៥សែននាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាយើង សម្រាប់ដូសជំរុញ (ដូសទី៣ និងដូសទី៤) បាននិងកំពុងបន្តប្រកបដោយមោទកភាព ជាមួយនឹងការសម្រេចបានប្រមាណ ៥លាន៥សែននាក់ គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

    សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០០ ៨៧៥ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៥០ ៨១៤ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសជំរុញ (ដូសទី៣) សម្រេចចាក់បានចំនួន ៤ ៩៦៨ ០៤០ នាក់ និងដូសជំរុញ (ដូសទី៤) ដែលបានបើកយុទ្ធនាការកាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ សម្រេចចាក់បានចំនួន ៤៥០ ៨៤៣ នាក់។

    ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៨ ៦៣៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤១ ០១១ នាក់ ដែលស្មើនឹង ៩៩.៥២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

    ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១០ ១០៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២១ ៣៤៣ នាក់ ដែលស្មើនឹង ១០៥.៩៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២២ ៩២២ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៥ ៩០១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.១១%។

    បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ នៅព្រះរាជាណាចក្រកម្ពុជា ការងារចាក់វ៉ាក់សាំងសម្រេចចាក់បាន ១៤ ៣៥២ ៥៤១ នាក់ ដែលស្មើនឹង ៨៩.៧០% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: