ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ បានរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិ

    BY Khmernote Media February 1, 2022
    ក្រសួងអប់រំ បានរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិ

    ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ដើម្បីទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

    យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា យោងតាមអនុក្រឹត្យ ស្តីពីទិវាជាតិអំណាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រឡង ប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើស រើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៧ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល»។

    ក្រសួងអប់រំ បានបន្ដថា ការរៀបចំដំណើរការប្រឡង ប្រណាំងជ្រើសរើសជ័យលាភីលេខ១ ថ្នាក់ក្រោមជាតិទាំងបីវិញ្ញាសាដោយថតជាវីដេអូ និងស្នាដៃសំណៅដើម របស់ជ័យលាភីផ្នែកតែងនិពន្ធ រួចបញ្ជូនមកនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាឱ្យបានមុនថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ជាកំហិត ។

    ប្រភពដដែល បានឱ្យដឹងថា សម្រាប់វិញ្ញាសាប្រឡងប្រណាំងគឺការតែងនិពន្ធ (អត្ថបទពាក្យកាព្យ ឬពាក្យរាយ) សម្រាប់សិស្សមធ្យម សិក្សាទុតិយភូមិ។ ការស្មូតកំណាព្យ សម្រាប់សិស្សមធ្យមសិក្សាបឋមភូមិ និងការអានអត្ថបទ សម្រាប់សិស្សបឋមសិក្សា(សិស្សថ្នាក់ទី៤ ដល់ទី៦)។ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា សម្រាប់កាលបរិច្ឆេទប្រឡង ប្រណាំងយកជ័យលាភីថ្នាក់ជាតិ នៅថ្ងៃទី៩ ដល់ទី១០ ខែមីនា ឆ្នាំ២០២២ និងទី កន្លែងប្រឡងប្រណាំងនៅអគាររដ្ឋបាលថ្មីក្រសួងអប់រំ យុវជននិងកីឡា សូមទំនាក់ ទំនងលេខទូរសព្ទ និងតេឡេ ក្រាម ០១២ ៩២ ៨៦ ៩១៕

    Share This Post: