ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ បានបញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែលព្រមទំាងបិទបញ្ចប់ការតវ៉ាទាំងអស់

    BY Khmernote Media February 4, 2022
    ក្រសួងអប់រំ បានបញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែលព្រមទំាងបិទបញ្ចប់ការតវ៉ាទាំងអស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នោថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទបញ្ចប់ការធ្វើកោសលវិច័យលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីមានការប្ដឹងតវ៉ាពីបេក្ខជន មាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្ស ពាក់ព័ន្ធលើលទ្ធផលប្រឡង។

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយរលូនស្របតាមគោល ការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន, ស្របតាមលក្ខណៈបច្ចេកទេសប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់» ព្រមទាំងក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងមហាផ្ទៃ, អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំង, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គិសនីកម្ពុជា, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ, និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ជាពិសេស ការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ព្រមទាំងការអនុវត្តភារកិច្ចប្រកបដោយភាពម៉ត់ចត់, វិជ្ជាជីវៈ, មនសិការការងារ, និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មកានានាគ្រប់ថ្នាក់។

    ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះសំណូម ពរ និងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការកោសលវិច័យ ដើម្បីពិនិត្យ និងដោះស្រាយករណីខាងលើធ្វើយ៉ាងណាឱ្យបេក្ខជន មាតា បិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្តចំពោះលទ្ធផលប្រឡង។ ប្រភពដដែល បានឱ្យដឹងថា ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យគណៈកម្មការកោសលវិច័យបានរកឃើញ ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ មិនមានការប្រែប្រួលទេ។ ឈរលើមូល ដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះ ស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

    ក្រសួងអប់រំបន្ដថា ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងសូមលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំខាងមុខ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: