រកឃេីញបង្គានាំចូលពីបរទេសជាង ១០០គីឡូក្រាម នៅច្រកទ្វារព្រំដែនខេត្តកំពត មានសារធាតុ CMC (ចាហួយ)
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា អនុវត្តប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បច្ចុប្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»

និងយោងតាមសំណើរបស់សាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តកំពត បានចុះសហការត្រួតពិនិត្យបង្គាស្រស់នាំចូលនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញបង្គាចំនួន ១២៨គីឡូក្រាមមានសារធាតុ CMC (ចាហួយ) ។ មន្រ្តីជំនាញបានដកហូតបង្គាដែលមានសារធាតុ CMC ទាំងនោះទៅកម្ទេចចោលតាមនីតិវិធី៕
