ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សដែលប្រឡងជាប់និទេ្ទសA ចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ទទួលបានម៉ូតូម្នាក់១គ្រឿងពីសម្ដេចពិជ័យសេនា ទៀ បាញ់

    BY Khmernote Media February 7, 2022
    សិស្សដែលប្រឡងជាប់និទេ្ទសA ចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ទទួលបានម៉ូតូម្នាក់១គ្រឿងពីសម្ដេចពិជ័យសេនា ទៀ បាញ់

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់ រង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង និងប័ណ្ណសរសើរដល់សិស្សានុសិស្សចំនួន១៥៣នាក់ ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅមណ្ឌលខេត្ដសៀមរាប។​

    សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការចែករង្វាន់ម៉ូតូនិងផ្តល់ប័ណ្ណសសើរ ដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សា ទុតិយភូមិ ដែលទទួលបាននិទេ្ទសA មណ្ឌលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ជាមោទកភាពមួយរបស់ខេត្តសៀមរាប ដែលបង្ហាញអំពីភាពរីកចម្រើនលើ វិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ។​

    សម្តេចបន្តថា ទោះជាយ៉ាងនេះក្តី លោកគ្រូ អ្នកគ្រូ ត្រូវបន្តលើកកម្ពស់សុខភាព អនាម័យឱ្យបានខ្ជាប់ខ្ជួន ក្នុងបរិបទកូវីដ១៩នេះ ជាពិសេសអនុវត្តន៍តាមអភិក្រម ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងសាលារៀន និងត្រូវគិតគូពីជម្រើស ឱ្យបានច្រើន ក្នុងការផ្តល់សេវាអប់រំ អាស្រ័យលើទីតាំងភូមិសាស្រ្ត នៃហានិភ័យការចម្លង ជំងឺកូវីដ១៩។

    ​សម្តេចបានអំពាវនាវដល់ក្មួយៗសិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេសA ចំនួន ១៥៣នាក់ នៅក្នុងខេត្តសៀមរាប ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រឱ្យបានកាន់តែល្អប្រសើ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។

    ​សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នៅខេត្ត សៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើនឹង៣៥៧បន្ទប់ មានបេក្ខជនសរុប ចំនួន៨.៨៣២នាក់ ក្នុងនោះស្រីចំនួន ៥.០៣៨នាក់ ហើយក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិនចំនួន១៥៧នាក់ ក្នុងនោះស្រីចំនួន ៧១នាក់ និងឯកជនបំពេញ វិជ្ជាចំនួន១៥៥នាក់ ក្នុងនោះស្រីចំនួន ៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០ នាក់។

    ជាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប មានសិស្សបានប្រឡងជាប់និទ្ទេស A ចំនួន១៥៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន៨.៨៣២នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: