មន្ត្រីជំនាញ ចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមបណ្ដាផ្សារ រកឃើញទំនិញខូចគុណភាពប្រមាណជាង ២០០គីឡូក្រាម នៅក្នុងខេត្តចំនួន ៣
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា តបតាមស្មារតីអង្គប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ សហការជាមួយអាជ្ញាធរផ្សារត្រាំខ្នារ ស្រុកបាទី បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យទំនិញជាប្រភេទត្រីប្រលាក់ ត្រីប្រហុក និងផ្អក ដែលអាជ្ញាធរផ្សារសង្ស័យមានសារធាតុគីមីហាមឃាត់។ តាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមី (Sodium Hydrosulphit) លើទំនិញខាងលើនោះទេ។

ដោយឡែកបានរកឃើញសារធាតុបូរ៉ាក់ (Borax) លើទំនិញត្រីបបែលក្រៀមចំនួន ៥គ.ក។ យ៉ាងណាមិញ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យផលិតផលទំនិញចម្រុះផ្សេងទៀត ដោយពិនិត្យឃើញ និងដកហូតទំនិញខូចគុណភាពចម្រុះចំនួនចំនួន ៥៩.៥គ.ក។
ដោយឡែកស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងក្រុងកំពត នាថ្ងៃខែឆ្នាំដដែល មន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យសុវត្ថិភាពទំនិញនៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញនានា ដោយបានរកឃើញ និងដកហូតទំនិញជាប្រភេទ ឡេលាបស្បែក និង គ្រឿងកំប៉ុងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១៦៩.៤គ.ក។
ចំពោះទំនិញមិនមានអនុលោមភាពខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុក ដើម្បីរៀបចំនីតិវិធីកម្ទេចចោល ចំណែកឯអាជីវករដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ត្រូវបានមន្ត្រីជំនាញធ្វើការណែនាំ និងពិន័យអន្តរការណ៍ផងដែរ ៕













ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF