ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង
BY Khmernote Media
February 9, 2022
យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយនោះ មានការបែកបាក់និងពុកផុយច្រើន។

ការងារសំខាន់ៗចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្ចារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ព័ន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។
ចំពោះការងារជួសជុលតាមបណ្តាចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តន៍ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ ៕










