ផ្លូវសម្រាប់ជិះកង់មួយចំនួនក្នុងក្រុងសៀមរាប បែរជានាំគ្នាយករថយន្តមកចតបាំងយ៉ាងឥតសណ្តាប់ធ្នាប់
- February 9, 2022
ខេត្តសៀមរាប៖ កាលពីដើមឆ្នាំ២០២២ កន្លងទៅ ក្រុងសៀមរាប បានបញ្ចប់នូវសមិទ្ធិផលគម្រោងរៀបចំកែលម្អផ្លូវចំនួន ៣៨ខ្សែ ដើម្បីជួយសម្រួលចរាចរណ៍ បង្កើនសោភ័ណភាពទីក្រុង និងដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ផ្លូវផងដែរ ហើយគម្រោងកែលម្អផ្លូវនេះបានលើកមុខមាត់ក្រុងសៀមរាបថែមមួយកំរិតទៀត។ ក្នុងចំណោមផ្លូវទាំង៣៨ខ្សែនោះ អាជ្ញាធរក៏បានគិតគូរដល់ផ្លូវសម្រាប់អ្នកថ្មើរជើង និងផ្លូវអ្នកជិះកង់ផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចដើរ និងជិះកង់ហាត់ប្រាណ ដើម្បីសុខភាពទៀតផង។

ប៉ុន្តែនាពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីរូបភាពម្ចាស់យានយន្តមួយចំនួនបានយកយានជំនិះរបស់ខ្លួនមកចតបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងផងដែរ។ ប្រជាពលរដ្ឋនៅទីនោះក៏បានសំណូមពរឲ្យម្ចាស់យានយន្តធ្វើការចតយានជំនិះរបស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ ចៀសវាងការបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលជាការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិះកង់ធ្វើលំហាត់ប្រាណ និងលេងកម្សាន្ត៕

រូបភាព៖ Andrew Kobeszko
- Share This Post:






