មកទល់ពេលនេះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបានប្រគល់ដីតំបន់បឹងទន្លេសាបមកវិញ បានជាង៤ពាន់ហិកតាហើយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មកទល់ពេលនេះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានប្រគល់ដីតំបន់បឹងទន្លេសាបមកវិញ បាន ជាង៤ពាន់ហិកតាហើយ ដែលធ្វើឱ្យការដាក់ចេញផែនការយុទ្ធនាការក្នុងការស្ដារឡើងវិញនូវព្រៃលិចទឹកនេះ ប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក។

ឯកឧត្តម សុខ ខឿន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត បានទទួលដីព្រៃលិចទឹក ប្រមាណជាង៤ពាន់ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលទទួលរងនូវការកាប់ទន្ទ្រានពីប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ ហើយអាជ្ញាធរខេត្តបានចាត់វិធានការការពារ និងដាំដុះព្រៃលិចទឹកឡើងវិញ ដើម្បីបង្កើនធនធានជីវៈចម្រុះសម្រាប់ត្រីពងកូន ដែលបង្កើនធនធានមច្ឆជាតិឱ្យកាន់តែសម្បូរ ។
ឯកឧត្តម បន្តថា សម្រាប់ខេត្តបន្ទាយមានជ័យ តំបន់បឹងទន្លេសាបដែលរងការកាប់ទន្ទ្រានពីប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់នោះ គឺមានប្រមាណជាង៥ពាន់ហិកតា ដែលមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញប្រមាណជាង៤ពាន់ហិកតាហើយ ដោយរដ្ឋក៏ធ្វើការបោះបង្គោលបាន ប្រមាណ៩០បង្គោលហើយដែរ ហើយអាជ្ញាធរនឹងបន្តចុះដកហូតផ្ទៃដីដែលនៅសេសសល់បន្ថែម ទៀត ដើម្បីទុកជាសម្បត្តិរដ្ឋ។
សំឡេង៖ « បញ្ហាដីតំបន់បឹងទន្លេសាបដែលពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានផ្ទៃដីប្រហែលជា ១២,០០០ហិកតា ហើយមកដល់ពេលនេះប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋបាលខេត្តជាង ៤ ពាន់ហិកតាហើយ ប៉ុន្តែនៅក្នុងផ្ទៃដីជាង១២,០០០ហិកតានោះ បើតាមការវាស់វែងពីមន្ទីររៀបចំដែនដី គឺចូលទៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ប្រហែលជាជិត៥០០០ហិកតា ដូច្នេះខេត្តនេះនៅតែខ្ទង់៥០០០ហិកតាទេ អ៊ីចឹងមកដល់ពេលនេះ ពាក់ព័ន្ធទៅនឹងការដកហូតនិងការប្រគល់ជូនរបស់ប្រជាពលរដ្ឋ គឺយើងបានបោះបង្គោល ទាំងបង្គោលមេទាំងបង្គោលរង ដែលមានចំនួនជិត១០០ បង្គោលនោះ ឥឡូវនេះ បានជាង៩០បង្គោលហើយ » ។
ឯកឧត្តម បានបន្ថែមទៀតថា ការ ស្ដារឡើងវិញនូវព្រៃលិចទឹកនេះ គឺឯកឧត្តមអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការខេត្ត បានចេញដាក់ទិសដៅផែនការយុទ្ធនាការក្នុងការស្ដារឡើងវិញ ហើយមកដល់ពេលនេះផ្ទៃដីដែលប្រជាពលរដ្ឋបាន ប្រគល់ជូននោះ គឺអាជ្ញាធរបានធ្វើការដាំដុះស្តារគម្របព្រៃធម្មជាតិឡើងវិញបានប្រមាណ៨០ ភាគរយហើយ ក្នុងនោះ បានធ្វើការដាំដើមឈើឡើងវិញដូចជាប្រភេទ កូនឬស្សី កូនរាំងទឹក កូនត្នោតជាដើម រួមចំណែកការពារធនធានធម្មជាតិ ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប ដើម្បីការពារត្រី តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕


ប្រភព៖ ក្រសួងព័ត៌មាន