ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករា ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន

    BY Khmernote Media February 10, 2022
    ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករា ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឲ្យដឹងថា ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃពុធ ទី០៩ ខែកុម្ភៈ ២០២២ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករា ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ដោយការអត់បាយឡើយ។

    ដែលនេះជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៀតត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម លើការផ្តល់សេវាសាធារណៈ បន្តទប់ស្កាត់បញ្ហាចោរកម្ម និងក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន និងបញ្ហាអសកម្មជាច្រើនទៀតនៅមូលដ្ឋាន។ ព្រោះមិនថាអ្នកមានឬអ្នកក្រទេ គឺគ្រប់គ្នាសុទ្ធតែត្រូវការសង្គមមួយ ដែលមានសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រកបដោយភាពសប្បាយរីករាយ។

    ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញារធរខណ្ឌ និងចៅសង្កាត់ទាំងអស់ ចុះជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដុសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីកាន់តែបង្កើនភាពសុំាក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងវីរុសបំប្លែងថ្មីអូមីក្រុង ដែលជំរុញដល់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។ ក្នុងនោះត្រូវយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់សារធារណៈ គឺជាឧត្តមភាពសង្គម ហើយជាបញ្ហាអាទិភាព ដើម្បីធ្វើឱ្យទីក្រុងសោភ័ណភាពស្រស់ស្អាត ស៊ីវិល័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

    ឯកឧត្តម អភិបាលរាជធានី ក៏បានណែនាំដល់រដ្ឋបាលខណ្ឌ សង្កាត់ មិនត្រូវបណ្តែត បណ្តោយឱ្យមូលដ្ឋានរបស់ខ្លួន នៅតែមានការលក់ដូររំលោភលើចំណីផ្លូវសាធារណៈឡើយ។ ព្រោះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។ ឯកឧត្តម បញ្ជាក់ថា បើកន្លែងណានៅតែមានការលក់ដូរ គ្មានសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ត្រូវហៅពួកគាត់ទៅអប់រំ ឬធ្វើកិច្ចសន្យា ប៉ុន្តែបើនៅរឹងរូសត្រូវអនុវត្តន៍វិធានការច្បាប់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ អភិបាលខណ្ឌ ចៅសង្កាត់ ត្រូវបំពេញការងារនេះឱ្យល្អ ព្រោះនៅតាមផ្លូវមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅតំបន់គិរីរម្យមានការលក់ម៉ូតូរំលោភលើចំណីផ្លូវ ។ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះ ដើម្បីធានាឱ្យតាមដងផ្លូវមានភាពស្រស់ស្អាត ប្រជាជនងាយស្រួលធ្វើដំណើរ។

    ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា លោកមិនខា្លចឱ្យប្រជាជនមានការលក់ដូរ ដូចនៅទីក្រុងឡុង ដើម្បីជីវភាពនោះទេ ដោយគ្រាន់តែការលក់ដូរ នៅក្រុងឡុងពេលឈប់លក់គឺគ្មានសំរាមនៅរាយប៉ាយ អ្នកលក់ដូរចេះគោរពច្បាប់ ចេះប្រមូលសំរាមទុកដាក់បានត្រឹមត្រូវ ។ ប៉ុន្តែការលក់ដូរនៅរាជធានីភ្នំពេញវិញ គឺលក់ហើយសំរាមនៅរាយប៉ាយមានក្លិនស្អុយនៅតាមដងផ្លូវ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឱ្យអាជីវករលក់ដូរ នៅតាមដងផ្លូវឡើយ។

    នៅក្នុងឱកាសនោះដែរឯកឧត្តម អភិបាលរាជធានី ក៏បានកោតសរសើរដល់ខណ្ឌ ៧មករា ដែលដោះស្រាយ បញ្ហានានាបានយ៉ាងល្អជាច្រើន ដូចជា ការផ្តល់សេវាសាធារណៈ ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់តាមដងផ្លូវ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

    ឯកឧត្តម ក៏បានទទួលយកសំណូមពរ និងការដោះស្រាយបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ ដូចជា បញ្ហាសំរាម ការដាក់ភ្លើងបំភ្លឺផ្លូវ នៅទីតាំងផ្លូវឌឿងហែមជាដើម។

    ជាមួយនោះលោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ៧មករា បក្សសង្កាត់ បានគាំទ្រពីផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីសាធារណៈនេះ ថាជាការចង់បានរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ មានចំណីផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរមិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ អាជ្ញាធរសង្កាត់នឹងបង្កើនកិច្ចសហការជា មួយកម្លាំងមានសមត្ថកិច្ច បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់ តែល្អ ដើម្បីឱ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើម ពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: