រដ្ឋបាលរាជធានីភ្នំពេញ ណែនាំពិធីមង្គលការ និងពិធីជួបជុំនានា មិនអនុញ្ញាតឱ្យអង្គុយលើសពី ០៧នាក់ក្នុង១តុ ឡើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះទីតាំងដែលប្រមូលផ្ដុំមនុស្សច្រើន ដូចជា៖ កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្ដុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវណែនាំឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនលើសពី ០៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាការបាញ់អាល់កុល ឬ ជែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើបចេញពីតុ។ ទន្ទឹមនេះ ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល ៤ខែ មិនបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវបុគ្គលនោះមិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ ៕

