ព័ត៌មានជាតិ

កម្ពុជាគ្រោងបើកច្រកទ្វារព្រំដែនជាមួយថៃមួយទៀតនៅថ្មដា ក្នុងស្រុកវាលវែង

BY
srey nuch
February 11, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ​រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកច្រកទ្វារអន្តរជាតិជាប់ព្រំដែនជាមួយប្រទេសថៃមួយទៀត ស្ថិតនៅ ភូមិសាស្ត្រថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបង្កើនរំហូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដានេះ បន្ទាប់ពីទទួលបានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងបើកច្រកព្រំដែន អន្តរជាតិរវាងកម្ពុជា-ថៃនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាព ខ្លាំងក្លាថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកនេះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោប្រវេសន៍ អគារគយនិងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំងទីលានកុងតឺន័រ និងអគារ រដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ នៃប្រជាជាតិទាំងពីរផងដែរ។

សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិនេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

ផែនការអភិវឌ្ឍន៍នូវច្រកទ្វារព្រំដែននេះ ខណៈបច្ចុប្បន្នគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលលាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ប្រវែងជាង១៩៧គីឡូម៉ែត្រ សម្រេចបាន៥៦ភាគរយ ដោយផ្លូវនេះ មិនត្រឹម តែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ និងការដឹកជញ្ជូនទំនិញ ភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនភាគខាងលិចប្រទេសកម្ពុជា និងប៉ូលសេដ្ឋកិច្ចនានា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: