ក្រសួងអប់រំ ជូនដំណឹងបេក្ខជនទើបប្រឡងជាប់ អាចមកទទួលវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិបាន ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជម្រាបជូនលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អញ្ជើញមកទទួលយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។

ក្រសួងអប់រំ យុវជន និងកីឡា បានផលិតវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់សម្រាប់ចែកជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឲ្យមកទទួលយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅនាយកដ្ឋានកិច្ចការប្រឡងចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២២ តទៅ។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកាគ្រឹះស្ថានសិក្សាដែលមានបេក្ខជនទើបប្រឡងជាប់ ដើម្បីរៀបចំយន្តការចែកវិញ្ញាបនបត្របណ្ដោះអាសន្ន និងធ្វើសេចក្ដីជូនដំណឹងលម្អិតបន្ថែម សំដៅអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រាល់បាតុភាពទាំងឡាយណាដែលកើតចេញពីការចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិនេះ គឺជាការទទួលខុសត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ៕

ប្រភព៖ MoEYS Cambodia