ស៊ីម៉ាក់ទទួលបានកូនសុនខហិតមីន ទើបកើត៣៤ក្បាល អាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំងដោះមីន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានប្រកាសថា មេពូជសុនខហិតមីនរបស់កម្ពុជា កើតកូនបាន ៤សម្បុក សរុបចំនួន ៣៤ក្បាល និងមានសុខភាពល្អ អាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំងដោះមីនផងដែរ។

យោងតាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហេង រតនាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា ចាប់ផ្តើមសប្តាហ៍នេះ មេពូជសុនខកើតបាន៤សម្បុក បានកូនសុនខ ចំនួន៣៤ក្បាល ដែលមានសុខភាពល្អ និងអាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំង ដើម្បីសុខសុវត្ថិភាពសង្គមមនុស្ស។
សូមបញ្ជាក់ថា សុនខហិតមីន ត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែត កាលពីឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ២០០២។ ប៉ុន្ដែ ស៊ីម៉ាក់បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូ នៃកម្មវិធីសុនខហិតមីន ចាប់ពីឆ្នាំ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដងនៅអំឡុងឆ្នាំ២០១៦។ បច្ចុប្បន្ន ស៊ីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបត្តិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ និងគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេសផងដែរ។ លើសពីនេះទៀត សុនខហិតមីន បាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការរំដោះផ្ទៃដីដែលមានមីននៅក្នុងប្រទេសកម្ពុជា។ សុនខ មានជំនាញហិតមីន ដែលកប់ក្នុងដី និងសារធាតុផ្ទុះផ្សេងៗ។ សុនខហិតមីន មិនត្រឹមតែជួយដល់ការងាររបស់ស៊ីម៉ាក់ប៉ុណ្ណោះទេ ថែមទាំងចូលជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវរកនូវសារធាតុញៀន និងរកនូវជនសង្ស័យជាដើម។ ទាក់ទងនឹងការដោះមីន អគ្គនាយកស៊ីម៉ាក់ធ្លាប់បានបញ្ជាក់ថា ស៊ីម៉ាក់មានផែនការច្បាស់លាស់ ក្នុងការរំដោះតំបន់ចម្ការមីនដែលមានកំណត់ត្រាពហុកោណ ក្នុងទិន្នន័យជាតិចំនួនជាង ៧០៧គីឡូម៉ែត្រក្រឡា ស្មើនឹងប្រមាណជិត ៩០ភាគរយ នៃទំហំផ្ទៃដី និងចំនួនចម្ការមីនដែលនៅសល់នោះ ត្រឹមចុងឆ្នាំ២០២៥។ ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ អង្គភាពស៊ីម៉ាក់មានផែនការសម្រេចបោសសម្អាតចម្ការមីនចំនួនជាង ១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោមជាង ៦០គីឡូម៉ែត្រក្រឡា ផងដែរ។
ទន្ទឹងនឹងនេះ អង្គភាពស៊ីម៉ាក់ បានទទួលការប្តេជ្ញាចិត្តពីរដ្ឋាភិបាលជប៉ុន ចិន UNDP និងសហរដ្ឋអាមេរិក ព្រមទាំងដៃគូដទៃទៀត បានគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់អង្គភាពស៊ីម៉ាក់ពីពេលនេះ (២០២២) ដល់ចុងឆ្នាំ២០២៥។ ករណីដែលអង្គភាពស៊ីម៉ាក់អាចរំដោះផ្ទៃដីប្រមាណ៩០ភាគរយ បានសម្រេចតាមផែនការ ដោយសហការជាមួយកងយោធខេមរភូមិន្ទ នោះប្រតិបត្តិករផ្សេងៗ រួមមាន៖ អង្គការដោះមីនអន្តរជាតិ អាចជួយសម្រេចតែ ១០ភាគរយជាមួយគ្នា អាចជួយរាជរដ្ឋាភិបាលសម្រេចអាណត្តិរបស់ខ្លួន ស្របតាមអនុសញ្ញាអន្តរជាតិOttawa ឱ្យខានតែបានត្រឹមចុងឆ្នាំ២០២៥ ៕


ប្រភព៖ ក្រសួងព័ត៌មាន