ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការតាមច្បាប់ ដោយគ្មានការលើកលែង ចំពោះបាតុករ ដែលរឹងរូសបន្តធ្វើបាតុកម្មមុខណាហ្គាវើលដ៍

    BY Khmernote Media February 15, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការតាមច្បាប់ ដោយគ្មានការលើកលែង ចំពោះបាតុករ ដែលរឹងរូសបន្តធ្វើបាតុកម្មមុខណាហ្គាវើលដ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏។

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ ឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានទទួលសេចក្តីជូនដំណឹងរបស់តំណាងអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អំពីការធ្វើកូដកម្ម ដើម្បីដោះស្រាយវិវាទការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញម្ចាស់សំណើមកពិភាក្សា ដោយបានគូសបញ្ជាក់ថា សុំឱ្យគាត់ធ្វើកូដកម្ម ស្របតាមច្បាប់ស្តីពីការងារ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាធារណៈឡើយ ព្រោះថាការប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីធ្វើជាទីកន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ បានធ្វើការប្រមូលផ្តុំនៅលើសួនច្បារសាធារណៈ ផ្ទុយពីការឯកភាពគ្នាជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

    រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់វិធានការអប់រំ ដល់ក្រុមបាតុករកុំឱ្យបន្តសកម្មភាពខុសច្បាប់ និងអនុវត្តតាមយន្តការដោះស្រាយវិវាទការងារ ស្របតាមច្បាប់ជាធរមាន ដោយពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំសម្របសម្រួលគ្រប់លទ្ធភាព ដោយបានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញភាគីពាក់ព័ន្ធទៅដោះស្រាយ ស្របតាមយន្តការច្បាប់ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមបាតុករនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ ផ្ទុយពីគោលបំណងនៃការជូនដំណឹងស្តីពីការធ្វើកូដកម្មដើម្បីដោះស្រាយវិវាទការងារ ជាច្រើនលើក ច្រើនសារ រហូតដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

    ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតដាច់ខាតឱ្យមានការប្រមូលផ្ដុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ ក្នុងករណីរឹងរូស បន្តសកម្មភាព ខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការ លើកលែង។

    ខាងក្រោមជាសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលបាលរាជធានីភ្នំពេញ៖

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: