រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទិ១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង០៥៖០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន ដែលស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន និងរបៀបរៀបរយ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីអ្នកឧកញ៉ាមហាភក្ដិសប្បុរិសភោគាធិបតីហ៊ុន នាង(ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ(ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ចាប់ពីវេលាម៉ោង ០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ