ក្រសួងសុខាភិបាល ណែនាំអ្នកជំងឺកូវីដ-១៩ បើមានរោគសញ្ញាបែបនេះ សូមកុំព្យាយាមព្យាបាលនៅផ្ទះអោយសោះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍។

នៅក្នុងសេចក្ដីណែនាំបន្ថែមរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ឬធ្ងន់ ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា វីរុសវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង មានសភាពហាក់ស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ។
អ្នកជំងឺកូវីដ-១៩ អូមីក្រុងនេះ ក៏អាចមានរោគសញ្ញា ដែលអាចនាំឱ្យវិវត្តទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ដែលចាំបាច់ត្រូវ ស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថប់ៗ ហត់ ឬ ពិបាកដកដង្ហើម ឬមិនមានការវិវត្តន៍ប្រសើរឡើងនៃ ស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល ៕


