ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុងសប្ដាហ៍ទី៣នៃខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវទេសចរដើរកម្សាន្តជិត ២០ម៉ឺននាក់

    BY Khmernote Media February 21, 2022
    ចុងសប្ដាហ៍ទី៣នៃខែកុម្ភៈ  កម្ពុជាទទួលបានភ្ញៀវទេសចរដើរកម្សាន្តជិត ២០ម៉ឺននាក់

    រាជធានីភ្នំពេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    -ខេត្តព្រះសីហនុ ៤៥,២១៦នាក់
    -រាជធានីភ្នំពេញ ២៤,៨០៤នាក់
    -ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់
    -ខេត្តបាត់ដំបង ២២,៨៤២នាក់
    -ខេត្តសៀមរាប ១៦,៥៦៧នាក់
    -ខេត្តកំពត ១៤,៧៤៦នាក់។

    ឯកឧត្ដមបានបន្តថា ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើមានការថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។

    តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។ ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: