បាបស្នេហ៍អតីត កំពូលខ្សែភាពយន្តភាគខ្មែរដើមឆ្នំា ២០២២ អមដោយតួអង្គសម្តែងពីតារាល្បីៗជាច្រើនរូប បានមកដល់ហើយនៅភីអិនអិន
- BY
- Liny Chan
- February 22, 2022
ចំណងដៃថ្មីមួយទៀត ដែលស្ថានីយទូរទស្សន៍ភីអិនអិន បានត្រៀមរួចរាល់ជាស្រេចក្នុងការផ្តល់ជូនជាចំណីចក្ខុបម្រើអារម្មណ៍ទស្សនិកជននោះគឺ តាមរយៈការពាំនាំយកនូវខ្សែភាពយន្តភាគខ្មែរក្នុងរឿង បាបស្នេហ៍អតីត។ វត្តមានរឿងភាគបុរាណ និងសម័យមួយរឿងនេះ ទស្សនិកជននឹងបានទស្សនានូវសាច់រឿងដ៏ល្អមើល ដែលក្នុងនោះ ឆ្លុះបញ្ចាំងពី ភក្តីភាពស្នេហា និងផលកម្មដែលបានសាងឡើងពីចិត្តដែលឈ្នានីសរាប់រយជាតិរបស់តួអង្គនីមួយៗ។

វត្តមានតារាសម្តែងល្បីជាច្រើនរូប ដែលមានទេពកោសល្យ សមត្ថភាព សម្តែងបានយ៉ាងល្អ ដែលអាចនឹងធ្វើឲ្យអារម្មណ៍ទស្សនិកជនដូចជាបានចូលទៅក្នុងសាច់រឿងដូច្នោះដែរ តាមរយៈឈុតឆាកស្នេហាកម្សត់ តស៊ូ និងការចងគំនុំគ្នាទៅវិញទៅមក។ វាជាប្រភេទខ្សែភាពយន្តភាគខ្មែរ ដែលបង្ហាញប្រវត្តិរាប់រយជាតិពីស្នេហារបស់អង្គក្សត្រពីរអង្គ ហើយត្រូវបានបន្តមកដល់ជាតិថ្មីជាបន្តទៀត។

ជាងរាប់រយឆ្នាំ ដំណាលសាច់រឿងមួយនៃអង្គក្សត្រមួយ ព្រះនាម ព្រះបាទ អង្គជ័យរាជា ដែលមានព្រះមហេសីព្រះនាម បុស្បាទេវី។ ព្រះបាទ អង្គជ័យរាជា បានសន្យានឹងព្រះនាងបុស្បាទេវី ថាស្រឡាញ់ទ្រង់តែមួយអង្គអែងគត់ ដោយមិនមានស្នំឯកណានោះទៀតឡើយ។ ក្រោយមក ព្រះអង្គ បានធ្វើខុសនឹងពាក្យសន្យា ដោយមានចិត្តទៅលើនារីម្នាក់ទៀត ឈ្មោះ ឈូកស ហើយបានតែងតាំងនាងជាស្នំឯក ដោយផ្តល់នូវការថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់។ ព្រះមហេសី បុស្បាទេវី កើតព្រះទ័យអាក់អន់ ទៅជាមានកំហឹង ចងគំនុំ ចង់បំផ្លាញនាងឈូកសចេញពីព្រះអង្គ។ មានគ្រាមួយនោះ ព្រះមហេសី បានបញ្ជារឲ្យគេយកឈូកទៅសម្លាប់ចោល ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ។ ឈូកស ស្លាប់យ៉ាងរងទុក្ខវេទនាជាទីបំផុត ហើយនៅថ្ងៃដែលខ្លួនស្លាប់ នាងបានសច្ចាក្នុងចិត្តថា នឹងតាមចងកម្មចងពៀរ ព្រះមហេសីគ្រប់ៗជាតិ ។

រំលងផុតពីអតីតជាតិក្នុងសម័យបុរាណកាល បន្តមកដល់បច្ចុប្បន្ននេះ ព្រះមហេសី បុស្បាទេវី និង ស្នំឯឈូកស បានចាប់ជាតិជាថ្មី ដោយបានយកនូវការចងគំនុំពីជាតិមុន ចងជាបញ្ហាជាមួយគ្នាក្នុងជាតិនេះ។

នៅក្នុងសាច់រឿងនេះ តួអង្គសំខាន់ៗរួមមាន៖ កញ្ញា សេង រដ្ឋា( តួអង្គ ព្រះនាងបុស្បាទេវី និង លីងលីង) , កញ្ញា លីលី( តួអង្គ ឈូកស និងកុលាប) , លោក យន់ រិទ្ធីយ៉ាន( តួអង្គ សិទ្ធា ជ័យ ) , អ្នកនាង ផាផួង ( តួអង្គ អមរា) , លោក អៀង ចាន់ឡា ( តួអង្គ ចឹកតេង) , លោក សាវិន ហ្វីលីប( តួអង្គ ឧត្តម) , កញ្ញា កុសុម៉ាលីនដា( ម៉ាន់ទី) និងតារាសម្តែងល្បីៗជាច្រើនរូបទៀត។
សូមរង់ចាំទស្សនាខ្សែភាពយន្តភាគខ្មែរ រឿង បាបស្នេហ៍អតីត ដែលនឹងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នំា ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់ បន្ទាប់ពីរឿង មរណមាតា ត្រូវបានបញ្ចប់ទៅ៕





សូមទស្សនាវីដេអូខាងក្រោម៖
- Share This Post:






