ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    វេជ្ជបណ្ឌិតថៃបញ្ជាក់ថា ជាង៥០% នៃអ្នកឆ្លងកូវីដនៅថៃ បានឆ្លង អូមីក្រុង ប្រភេទ BA.2

    BY Khmernote Media February 22, 2022
    វេជ្ជបណ្ឌិតថៃបញ្ជាក់ថា ជាង៥០% នៃអ្នកឆ្លងកូវីដនៅថៃ បានឆ្លង អូមីក្រុង ប្រភេទ BA.2

    យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន nationthailand នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរថៃបានសម្រេចប្រកាសអាសន្នកម្រិត ៤ ជាផ្លូវការហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការប្រកាសអាសន្នកម្រិត ៤ នេះមានដូចជា៖

    + ហាមមិនឲ្យចូលតំបន់ ដែលមានហានិភ័យខ្ពស់

    + ហាមមិនអោយហូបចុកជុំគ្នា និងទទួលទានគ្រឿងស្រវឹងនៅក្នុងហាង

    + ជៀសវាងការទិញទំនិញនៅកន្លែង ដែលមានមនុស្សច្រើន ដូចជាផ្សារធម្មតា និងផ្សារទំនើប

    + ជៀសវាងនៅជិត ឬក្បែរអ្នកដទៃ នៅខាងក្រៅផ្ទះ

    + រៀបចំឲ្យបុគ្គលិកពី ៥០-៨០% ធ្វើការនៅផ្ទះ

    + ពន្យារពេលការធ្វើដំណើរឆ្លងខេត្ត បើមានករណីចាំបាច់ អាជ្ញាធរណែនាំឲ្យធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន

    + ជៀសវាងការធ្វើដំណើរទៅក្រៅប្រទេស

    + ប្រសិនបើធ្វើដំណើរមកពីក្រៅប្រទេស ចាំបាច់ធ្វើត្រូវចត្តាឡីស័ក

    លោកវេជ្ជបណ្ឌិត Chakrarat Pittayawong-anon ប្រធានផ្នែករោគរាតត្បាត នាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃកំពុងកើនឡើងគ្រប់ក្រុមមនុស្ស ជាពិសេសក្នុងក្រុមមនុស្សអ្នកបំពេញការងារ និងក្រុមសិស្សសាលា។ វេជ្ជបណ្ឌិតរូបនេះបានសង្កត់ធ្ងន់ថា នៅក្នុង ៥៣ ភាគរយនៃអ្នកជំងឺដែលបានរកឃើញជាមួយមេរោគបម្លែងថ្មី Omicron មិនឃើញមានរោគសញ្ញាអ្វីឡើយ ខណៈពេលដែល ៤៧ ភាគរយមានរោគសញ្ញា ភាគច្រើនគឺឈឺបំពង់ក ក្អក និងគ្រុនក្តៅកម្រិតទាប។ ទន្ទឹមនឹងនោះ ជំងឺរាតត្បាតកូវីដ ១៩ ប្រភេទ Omicron BA.2 មានសមត្ថភាពរីករាលដាលលឿនជាង BA.1 រហូតដល់ទៅ ១.៤ ដង។​ លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ជាង ៥០ ភាគរយនៃករណីឆ្លងនៅក្នុងប្រទេសថៃគឺ អូមីក្រុង ប្រភេទ BA.2។

    នាយករដ្ឋមន្ត្រីថៃ លោក ​​ប្រាយុ​ទ្ធ​ ចា​ន់​អូ​ចា​រ បានបញ្ជាឱ្យយោធារៀបចំមន្ទីរពេទ្យចល័ត ដើម្បីដោះស្រាយស្ថានការណ៍ និងផ្តល់ជំនួយនៅមូលដ្ឋាន ដោយសម្របសម្រួលជាមួយក្រសួងសុខាភិបាលសាធារណៈ។ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ Kongcheep Tantravanich បាននិយាយថា មន្ទីរពេទ្យយោធាត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស ដោយផ្តល់គ្រែចំនួន ៧,០០០គ្រែបន្ថែមទៀត ហើយមន្ទីរពេទ្យចល័តមួយចំនួននៅក្នុងផ្នែកកងទ័ពកំពុងដំណើរការនៅឡើយ៕

    ប្រភព៖ nationthailand

    Share This Post: