ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងរយៈពេល១ខែ នៅខែកុម្ភៈ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍ជាតិ មកលេងក្នុងខេត្តសៀមរាបមានការថយចុះ ខណៈភ្ញៀវទេសចរណ៍បរទេសវិញមានការកើនឡើង

    BY Khmernote Media February 22, 2022
    ក្នុងរយៈពេល១ខែ នៅខែកុម្ភៈ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍ជាតិ មកលេងក្នុងខេត្តសៀមរាបមានការថយចុះ ខណៈភ្ញៀវទេសចរណ៍បរទេសវិញមានការកើនឡើង

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងរយៈពេល១ខែ ដោយចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលមកទស្សនាខេត្តសៀមរាប មានសរុបចំនួន ៨៤.៥៣២នាក់ ថយចុះចំនួន ៤២,៣៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន ១២០.៣៤៦នាក់។

    របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងអស់នោះ មានភ្ញៀវទេសចរជាតិចំនួន៧៧.០០០នាក់ ថយចុះចំនួន ៥១,៩៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន១១៧.០០០នាក់ និង ថយចុះចំនួន១២៧,២៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ ដែលមានចំនួន១៧៥.០០០នាក់ ខណៈ ភ្ញៀវទេសចរណ៍បរទេសក្នុងស្រុកមានចំនួន ៧.៥៣២នាក់ មានការកើនឡើង ១២៥,១០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ៣.៣៤៦នាក់ និងមានការកើនឡើង ១៩៧,៤៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ ដែលមានចំនួន ២.៥៣២ នាក់។

    សូមរំឮកថា តាំងពីមានការរាតត្បាតខ្លាំងនៃវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍មក បានធ្វើឲ្យសេវាកម្មទេសចរណ៍មួយចំនួនត្រូវបានបិទអាជីវកម្ម និង មួយចំនួនទៀតត្រូវបានផ្អាក ក្នុងនោះរួមមាន៖ ផ្នែកសណ្ឋាគារ មានចំនួន១៨កន្លែងត្រូវបានបិទ, ផ្អាកអាជីវកម្មចំនួន ១៦៨កន្លែង និងកំពុងដំណើរការចំនួន ៤៤កន្លែង ក្នុងចំណោមសណ្ឋាគារដែលមានសរុបចំនួន ២២៨កន្លែង, ផ្ទះសំណាក់ បានបិទអាជីវកម្មចំនួន ១០៧ កន្លែង, ផ្អាកមានចំនួន ៧៨ កន្លែង និងកំពុងដំណើរការមានចំនួន ៧៦ កន្លែង ក្នុងចំណោមផ្ទះសំណាក់ដែលមានសរុបចំនួន៖ ២៨៣កន្លែង និងភោជនីយដ្ឋាន បានបិទអាជីវកម្មមានចំនួន ១០៩កន្លែង, ផ្អាកមានចំនួន ១០០កន្លែង និងកំពុងដំណើរការមានចំនួន ៥២កន្លែង ក្នុងចំណោមភោជនីយដ្ឋាន ដែលមានសរុបចំនួន ២៦១កន្លែង ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: