កូវីដ-១៩

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ថ្មីចំនួន ៥៥,៨៧១ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុន

BY
autoadmin
February 23, 2022

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៥៥,៨៧១ ករណី កាលពីយប់ថ្ងៃអង្គារ ដែលជាការកើនឡើង ៩,០១០ ករណី ធៀបនឹងយប់ថ្ងៃច័ន្ទ និងជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុន។ កន្លែងចំនួន ៣ ដែលមានចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុតគឺទីក្រុងហាណូយ ដែលមានចំនួន ៦,៨៦០ ករណី, ខេត្ត Bac Ninh មានចំនួន ២,៨៤២ ករណី និង Bac Giang មានចំនួន ២,៥០០ ករណី។ ក្រសួងសុខាភិបាលក៏បានប្រកាសពីការស្លាប់ថ្មីចំនួន ៧៧ ករណី ដោយក្នុងនោះមាន ១៧ ករណី ស្ថិតនៅទីក្រុងហាណូយ ដែលនាំឱ្យចំនួនស្លាប់សរុបមានដល់ ៣៩,៨៦២ ករណី ដែលស្មើនឹង ១.៤% នៃការឆ្លងទាំងអស់។

ចំណែកទីក្រុងហូជីមិញ ដែលធ្លាប់ជាអតីតចំណុចកណ្តាលនៃការឆ្លងរាតត្បាតជំងឺ COVID-19 ក៏បានកត់ត្រាករណីថ្មីចំនួន ១,៣៥២ ករណី និងការស្លាប់ចំនួន ១ ករណីផងដែរ។ ក្នុងចំណោមអ្នកជំងឺ COVID-19 ចំនួន ៥១០,១៧៦ នាក់ ដែលកំពុងទទួលការព្យាបាលនៅក្នុងប្រទេសវៀតណាម មានអ្នកជំងឺ ៣,៤៣៤ នាក់ គឺជាករណីធ្ងន់ធ្ងរ។ ប្រជាជនប្រហែល ៧៥.៤ លាននាក់ នៃចំនួនប្រជាជនសរុប ៩៦ លាននាក់ របស់ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងចំនួន ២ដង រួមទាំងមនុស្សពេញវ័យ ៦៧.៣ លាននាក់ និងកុមារ ៨.១ លាននាក់ ដែលមានអាយុពី ១២-១៧ ឆ្នាំ។ លើសពីនេះទៀត មានពលរដ្ឋពេញវ័យចំនួន ២១.៨៩ លាននាក់ បានចាក់វ៉ាក់សាំងដូសទី៣ រួចរាល់ហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: