MG Cambodia សហការជាមួយ Converse Cambodia ដោយបាននាំយករទេះរុញថ្មី និងសម្ភារៈសិក្សាមួយចំនួនដើម្បីជួយដល់និសិ្សតពិការ ស៊ិន ស្រីហង្ស
- February 26, 2022
នៅកម្ពុជាបច្ចុប្បន្ន គឺមានជនពិការគ្រប់វ័យដែលរស់នៅគ្រប់ទិសទី អ្នកខ្លះពិការតាំងពីកំណើត ហើយអ្នកខ្លះទៀតពិការបន្ទាប់ពីកើតមកដោយសារបញ្ហាមួយចំនួនដូចជា: គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយសារមីន និងខ្លះទៀតដោយសារសង្គ្រាមស៊ីវិល ដែលបណ្តាលឱ្យពួកគេពិការជារៀងរហូត។ ពិការភាពរបស់ពួកគេត្រូវបានគេរើសអើងនូវឱកាសក្នុងការរស់នៅប្រកបដោយផាសុកភាព និងធ្វើឱ្យជីវិតរបស់ពួកគេមិនមានភាពប្រសើរឡើង។ ពួកគេភាគច្រើនមកពីគ្រួសារក្រីក្រ ហើយរស់នៅក្នុងតំបន់ជនបទនៃប្រទេស ដែលមិនមានមធ្យោបាយសម្រាប់ជួយពួកគេ។ ជាលទ្ធផល ពួកគេច្រើនតែចេញទៅសុំទានពីប្រជាពលរដ្ឋធម្មតា ដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារ។

ប៉ុន្តែនិសិ្សតឈ្មោះ ស៊ិន ស្រីហង្ស ដែលពិការដៃជើងទាំងសងខាងតាំងពីកំណើតមក មានភាពខុសប្លែកពីអ្នកដទៃដោយនាងមានការតាំងចិត្តខ្ពស់ ដោយបាននិយាយថា “រាងកាយខ្ញុំពិការពិតមែន ប៉ុន្តែចិត្តខ្ញុំមិនពិការទេ ខ្ញុំនឹងព្យាយាមរៀនសូត្រឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះការមើលងាយពីអ្នកដទៃ”។ នេះពិតជាក្មេងស្រីមួយដ៏ល្អដែលមានការតាំងចិត្តខ្ពស់ទោះបីជាខ្លួនជាជនពិការក៏ដោយ ខណៈពេលដែលជនពិការភាគច្រើននៅកម្ពុជាបច្ចុប្បន្ន ខ្វះការអប់រំនិងចំណេះដឹង។
ដោយមើលឃើញពីឱកាសដើម្បីគាំទ្រ និងលើកទឹកចិត្តដល់យុវសិស្ស ស៊ិន ស្រីហង្ស ឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យបន្តទៀត ក្រុមហ៊ុន MG Cambodia បានសហការជាមួយ Converse Cambodia ដោយនាំយករទេះរុញថ្មី ជាមួយនឹងសម្ភារៈសិក្សាមួយចំនួនដូចជា កាបូប Converse, សៀវភៅ, ប៊ិច, ដបទឹក… និងសម្ភារៈមួយចំនួនទៀត ដែលនាងកំពុងត្រូវការដើម្បីជួយដល់ការសិក្សារបស់នាងនៅក្នុងសាកលវិទ្យាល័យ។
លោក ពុំ សូរិយា ជានាយកគ្រប់គ្រងក្រុមហ៊ុន Taifu ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG និងផលិតផលយីហោម៉ាក Converse មកប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ភាពជឿជាក់នៃជនពិការ គឺជាការបង្កើតចលនានៃការផ្លាស់ប្តូរ និងលើកទឹកចិត្តពួកគេឱ្យគិតល្អៗទោះពិការភាពក៏ដោយ និងរៀបចំវិធានការដើម្បីកែលម្អពីរបៀបដែលពួកគេជ្រើសរើស ការរស់នៅ និងការអភិវឌ្ឍដល់ជនពិការ។ យើងខ្ញុំពិតជាកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់នាង និងរីករាយក្នុងការគាំទ្រដល់នាងផងដែរ។ ហើយយើងក៏សូមជូនពរនាងឱ្យជោគជ័យគ្រប់ភារៈកិច្ច និងអ្វីដែលនាងចង់បាន ហើយសូមឱ្យក្តីសុបិនរបស់នាងបានក្លាយជាការពិត ដើម្បីជួយខ្លួនឯង គ្រួសារ និង អភិវឌ្ឍន៍ប្រទេសជាតិយើង។”


- Share This Post:






