អតីតបវរកញ្ញា Miss Grand អ៊ុយក្រែន សុខចិត្តចូលបំរើទាហាន ដើម្បីការពារទឹកដី ប្រឆាំងជាមួយនឹងរុស្ស៊ី
- February 27, 2022
ប្រទេសរុស្ស៊ីបានបើកការវាយប្រហារមកលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតមកទល់ពេលនេះមានរយៈពេល៣ថ្ងៃហើយ ដោយការវាយប្រហារនេះហាក់មិនមានការអន់ថយនោះទេ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងស្លាប់បាត់បង់ជីវិត ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង រត់គេចចេញពីប្រទេស ដើម្បីរកកន្លែងមានសុវត្ថិភាព។

ទន្ទឹមនឹងនោះផងដែរ រដ្ឋាភិបាលអ៊ុយក្រែនបានប្រើប្រាស់ច្បាប់អាជ្ញាសឹក និងបានសម្រេចហាមឃាត់មិនឲ្យពលរដ្ឋជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំធ្វើដំណើរចេញពីប្រទេសឡើយ ដើម្បីត្រៀមខ្លួនចូលធ្វើកងទ័ពបំរើប្រទេស ទប់ទល់នឹងរុស្ស៊ី។ មិនត្រឹមតែប្រុសៗប៉ុណ្ណោះទេ ដែលត្រូវធ្វើកងទ័ព សូម្បីតែអតីតបវរកញ្ញា Miss Grand អ៊ុយក្រែន កញ្ញា Anastasia Lenna ក៏បានស្ម័គ្រលះបង់ភាពស្រស់ស្អាតរបស់កញ្ញា ហើយប្តូរមកស្លៀកសំលៀកបំពាក់ទាហាន ដើម្បីចូលធ្វើជាកងទ័ពអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ផងដែរថា កញ្ញា Anastasia Lenna គឺជាអតីតបវរកញ្ញា Miss Grand អ៊ុយក្រែន កាលពីឆ្នាំ២០១៥ ហើយកញ្ញាក៏បានបង្ហោះនៅលើបណ្តាញសង្គម Instagram ដើម្បីធ្វើការប្រយុទ្ធការពារប្រទេសអ៊ុយក្រែនផងដែរ៕


អត្ថបទ៖ សេម
ប្រភព៖ nypost
- Share This Post:






