បច្ចេកវិទ្យា

ក្រុមហ៊ុន Apple បញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី

BY
autoadmin
March 2, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ហើយថែមទាំងបានបញ្ឈប់ការនាំចេញទាំងអស់ ទៅក្នុងបណ្តាញលក់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមហ៊ុន Apple ក៏បានបិទចរាចរណ៍ និង live incidents នៅក្នុង Apple Maps ក្នុងប្រទេសអ៊ុយក្រែន ជាវិធានការសុវត្ថិភាពផងដែរ។

ការ​សម្រេច​ចិត្ត​របស់ Apple កើត​ឡើង​ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​ប្រឈម​នឹង​សម្ពាធ​សាធារណៈ​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រុស្ស៊ី។ រដ្ឋាភិបាលអ៊ុយក្រែនកាលពីសប្តាហ៍មុនបានស្នើឱ្យ Apple បញ្ឈប់ការផ្តល់ App Store របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែអ្នកជំនាញផ្នែកសន្តិសុខ និងលទ្ធិប្រជាធិបតេយ្យមួយចំនួនបាននិយាយថា វាអាចប៉ះពាល់ដល់អ្នកប្រើប្រាស់នៅរុស្ស៊ី ដែលកំពុងតវ៉ាចំពោះវិមានក្រឹមឡាំង និងអ្នកដែលពឹងផ្អែកលើឧបករណ៍ Apple ។

ចំណែក Facebook, YouTube និង Twitter ក៏បានចាប់ផ្តើមបង្រ្កាបមាតិកា ដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ចំពេលមានសម្ពាធកាន់តែខ្លាំងពីមន្ត្រីអឺរ៉ុប ឱ្យធ្វើសកម្មភាពប្រឆាំងនឹងការឃោសនាដែលគាំទ្ររុស្ស៊ី។ ក្រុមហ៊ុន Netflix ក៏បាននិយាយថា ខ្លួនកំពុងបដិសេធមិនចាក់ផ្សាយប៉ុស្តិ៍ទូរទស្សន៍រដ្ឋរុស្ស៊ីនៅលើបណ្ដាញរបស់ខ្លួននោះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: