YouTube នឹងបិទបណ្តាញផ្សព្វផ្សាយនានា ដែលផ្តល់មូលនិធិដោយរដ្ឋរុស្ស៊ីនៅទូទាំងពិភពលោក
- BY
- autoadmin
- March 12, 2022
កាលពីថ្ងៃសុក្រថ្មីៗនេះ YouTube បាននិយាយថា ខ្លួនបានបិទភ្លាមៗនូវការចូលប្រើប្រាស់ពីជុំវិញពិភពលោក ទៅកាន់បណ្តាញនានា ដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរុស្ស៊ី ខណៈរុស្ស៊ីបាននិយាយថា វាជាការរំលោភលើសេរីភាពសារព័ត៌មានរបស់ខ្លួន។ បណ្ដាញសេវាកម្មវីដេអូមួយនេះបាននិយាយថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនឥឡូវនេះ បានប្រែក្លាយទៅជាហិង្សា ហើយគណនី និងប៉ុស្ដិ៍ ដែលជ្រកក្រោមមូលនិធិរដ្ឋរុស្ស៊ី នឹងត្រូវដកចេញទាំងអស់។ អ្នកនាំពាក្យ YouTube លោក Farshad Shadloo បាននិយាយថា ការបិទប៉ុស្ដិ៍នានារបស់រុស្ស៊ី គឺស្របតាមគោលនយោបាយ រារាំងខ្លឹមសារដែលបដិសេធ, កាត់បន្ថយឯកសារទាក់ទងនឹងព្រឹត្តិការណ៍ហិង្សាទាំងនោះ។

កាលពីមុន YouTube បានបិទប៉ុស្តិ៍មួយចំនួន ដែលគាំទ្រដោយរដ្ឋរុស្ស៊ីដូចជា៖ RT និង Sputnik នៅទូទាំងទ្វីបអឺរ៉ុប។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានហៅការរឹតបន្តឹងដែលដាក់លើពួកគេដោយ YouTube បូករួមនឹងបណ្ដាញផ្សេងទៀត គឺជាការបង្ខាំងមិនសមហេតុផល។ ក្នុងនោះ Sputnik បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា៖«ការទប់ស្កាត់ដោយ YouTube គឺជាការវាយប្រហារដ៏ឃោរឃៅលើគោលការណ៍គ្រឹះមួយ នៃសង្គមប្រជាធិបតេយ្យ នោះគឺជាសេរីភាពសារព័ត៌មាន»។ ចំណែក YouTube បានបដិសេធមិនបញ្ជាក់ថា តើប៉ុស្តិ៍ណា និងចំនួនប៉ុន្មាន ដែលនឹងត្រូវបានបិទជាសកល ឬថា តើពួកគេនឹងត្រូវបានស្តារឡើងវិញដែរ ឬទេ នោះទេ។ គោលការណ៍របស់វាចែងថា ប៉ុស្តិ៍អាចត្រូវបានរារាំងជាអចិន្ត្រៃយ៍ សម្រាប់ការបំពានម្តងហើយម្តងទៀត ករណីនៃការរំលោភបំពានធ្ងន់ធ្ងរ ឬនៅពេលដែលពួកគេបំពានខ្លឹមសារណាមួយ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






