ប្រទេសចិនបានរាយការណ៍អំពីករណីជំងឺកូវីដ១៩ច្រើនជាង ២០,០០០ ករណី ជាលើកដំបូងរបស់ខ្លួន ដែលជាចំនួនច្រើនបំផុតចាប់តាំងជំងឺរាតត្បាតនេះបានចាប់ផ្ដើម
- BY
- autoadmin
- April 6, 2022
ប្រទេសចិននៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍អំពីករណីជំងឺ COVID-19 ច្រើនជាង ២០,០០០ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្ដើម ខណៈដែលទីក្រុងសៀងហៃកំពុងមានការឆ្លងរាតត្បាតច្រើនបំផុត បើទោះបីជាមានវិធានការបិទក្រុងជាដំណាក់កាលក៏ដោយ។ យុទ្ធសាស្ត្រ «zero-Covid» របស់ប្រទេសនេះ ក៏ស្ថិតក្រោមភាពតានតឹងយ៉ាងសម្បើម ដោយសារករណីថ្មីៗចេះតែកើនឡើងជាបន្ដបន្ទាប់។ ប្រទេសចិនតាំងតែពីដើមមក គឺបានធ្វើឱ្យជំងឺ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែរហូតដល់ខែមីនា ស្ថានការណ៍ប្រែមកជាយ៉ាប់យ៉ឺនទៅវិញ។

ករណីថ្មីៗបានឈានដល់រាប់ពាន់ករណីក្នុងមួយថ្ងៃ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្រុមមន្ត្រីបាននិយាយថា ពួកគេបានរកឃើញមានវត្តមានរបស់វ៉ារ្យ៉ង់ អូមីក្រុង ឆ្លងរាលដាលនៅជិតទីក្រុងសៀងហៃ។ គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានកត់ត្រាការឆ្លងចំនួន ២០,៤៧២ ករណី សម្រាប់ថ្ងៃពុធនេះ ដោយបន្ថែមថា មិនមានអ្នកស្លាប់ថ្មីទេ។ វាគឺជាចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសចិនដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរ ដែលច្រើនជាងពេលទីក្រុង Wuhan ប្រឈមនឹងការផ្ទុះឡើងនៅដំណាក់កាលដំបូងៗនៃជំងឺរាតត្បាតជាសកលទៅទៀត។ យ៉ាងណាក៏ដោយ ភាគច្រើននៃករណីទាំងនេះ គឺមិនមានរោគសញ្ញានោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






