រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការទុកដាក់សំរាមនៅតាមផ្ទះក្នុងរាជធានីភ្នំពេញ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាបថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ខាងមុខនេះ បងប្អូនកម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និងក្រុមហ៊ុន Cintr/Everbright ត្រូវបានឈប់សម្រាកពីការងារ។ ដូច្នេះ នៅក្នុងអំឡុងពេលការឈប់ សម្រាកខាងមុខនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅមិនបានពេញលេញដូចរៀងរាល់ថ្ងៃនោះទេ សម្រាប់រយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
អាស្រ័យហេតុនេះ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាពរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ