ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង កាលល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស។

ក្នុងសេចក្ដីជូនដំណឹងនេះដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជជ្រាបបន្ថែមថា ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥ នាក់ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ដែលមានអត្ថប្រយោជន៍ និងលក្ខខណ្ឌដូចខាងក្រោម៖
១. អត្ថប្រយោជន៍នៃការសិក្សា
និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
– ការរ៉ាប់រងថ្លៃសិក្សា ១០០%
– ថ្លៃសំបុត្រយន្ដហោះទៅមក
– ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក
– ថ្លៃធានារ៉ាប់រងសុខភាព
– អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា
– អត្ថប្រយោជន៍ផ្សេងៗទៀត។
២. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
– មានសញ្ជាតិខ្មែរ
– ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជំនាញមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬសញ្ញាបត្រសមមូល
– ត្រូវមានចំណេះដឹងភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ
– ត្រូវមានព្រឹត្តិបត្រពិន្ទុថតចម្លង (Transcripts)
– ត្រូវមានជីវប្រវត្តិរូបសង្ខេប
– ត្រូវមានសុខភាពល្អ។
៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង
– បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ សូមបំពេញបែបបទពាក្យស្នើសុំតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite
ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី
– ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមរយៈប្រព័ន្ធកុំព្យូទ័រដែលផ្តោតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និង ភាសាអង់គ្លេស
– បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសជាមួយនឹងគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
– សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល gs@cadt.edu.kh នៅរៀងរាល់ម៉ោងធ្វើការ៕
