អាជ្ញាធរជាតិអប្សរា សម្រេចបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារជ័យនៃឣតីតរាជធានីឣង្គរធំ និងស្ពានប្រាសាទតាកែ ដើម្បីរៀបចំកម្មវិធី “ភូមិសង្រ្កាន្ត” ចាប់ពីថ្ងៃស្អែកនេះ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារជ័យនៃឣតីតរាជធានីឣង្គរធំ និងស្ពានប្រាសាទតាកែវ ដើម្បីរៀបចំកម្មវិធី “ភូមិសង្រ្កាន្ត” នៃព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០២២។
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អជ្ញាធរដែនដីមន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារជនឲ្យបានជ្រាបថា៖
ដើម្បីចូលរួមអបសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ខាងមុននេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី “ភូមិសង្ក្រាន្ត” នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២២ នៅបរិវាណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ចាប់ថ្ងៃទី១២ រហូតថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ក្នុងន័យដើម្បីឲ្យការរៀបចំកម្មវិធីខាងលើនេះ អាចប្រពឹត្តទៅដោយរលូនអាជ្ញាធរជាតិអប្សរា នឹងបិទការធ្វើចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារជ៧យនៃអតីតរាជធានីអង្គរធំ និងស្ពានប្រាសាទតាកែវដូចមានប្លង់ជូនភ្ជាប់មកជាមួយចាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន ៕
