ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ១៨៤លានដុល្លារអាមេរិក ខណៈភ្ញៀវទេសចរអន្តរជាតិថយចុះប្រមាណ៨៥ភាគរយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ១៨៤លានដុល្លារអាមេរិក ខណៈភ្ញៀវទេសចរអន្តរជាតិថយចុះប្រមាណ៨៥ភាគរយ ដោយធ្លាក់ចុះដ៏គំហុកនេះគឺបណ្តាលមកពីឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅគ្រប់ប្រទេសលើពិភពលោក។

តាមរយៈសារលិខិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួន២០ម៉ឺននាក់ ថយចុះប្រមាណ៨៥%និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៤,៦៦លាននាក់ ថយចុះប្រមាណ៣៥,៥០% បើធៀបនឹងឆ្នាំ២០២០។
សម្តេចតេជោ បានបន្តថា ចំណូលពីវិស័យទេសចរណ៍បានប្រមាណ១៨៤លានដុល្លារអាមេរិក ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង៥២ម៉ឺនដុល្លារអាមេរិក និងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង១ម៉ឺននាក់។
សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ដែលបានធ្លាក់ចុះនាពេលកន្លងមកដោយសារវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច៖
ទី១៖លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។
ទី២៖លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។
និងទី៣.អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់(Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាសផ្លូវគោក និងផ្លូវទឹក៕


ប្រភព៖ ក្រសួងព័ត៌មាន