ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១២៥,០០០ដូសបន្ថែម ដែលជាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា បានដឹកមកដល់ប្រទេសកម្ពុជាហើយ

    BY Khmernote Media April 14, 2022
    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១២៥,០០០ដូសបន្ថែម ដែលជាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា បានដឹកមកដល់ប្រទេសកម្ពុជាហើយ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កូវីសែល (Covishield) ចំនួន ១២៥,០០០ដូសបន្ថែម ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

    វ៉ាក់សាំង ១២៥,០០០ដូស ដែលដឹកមកដល់ព្រឹកថ្ងៃនេះ គឺជាចំនួនបង្គ្រប់នៃជំនួយវ៉ាក់សាំងសរុប ៣២៥,០០០ដូស នៃជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខណៈវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកមកដល់កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅ។

    លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥,០០០ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

    លោកជំទាវបានបន្ថែមទៀតថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ។ ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ ៕

    Share This Post: