មកស្វែងយល់អំពីពិធីបដិមាភិសេក “ព្រះថោងនាងនាគ” និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ នាសម័យតេជោសន្តិភាព
យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដោយយោងតាមលិខិតរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញ និងស្វែងយល់អំពីពិធីបដិមាភិសេក “ព្រះថោងនាងនាគ” និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ នាសម័យតេជោសន្តិភាព។

ក្នុងសេចក្ដីដែលបានរៀបរាប់អំពីបដិមាភិសេក “ព្រះថោងនាងនាគ” និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានឲ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានគិតបញ្ចូលនូវចម្លាក់សម្រាប់តម្កល់នៅទីសាធារណៈ ដើម្បីឲ្យទីក្រុងទំនើបនេះ មានព្រលឹងវប្បធម៌ និងលើកកម្ពស់ស្នាដៃសិល្បៈខ្មែរបុរាណឲ្យមានភាពស្ថិតស្ថេរគង់វង់យូរអង្វែង ដែលក្នុងនោះមានបដិមាចំនួន ៤ទីតាំង ត្រូវបានសម្រេចជ្រើសរើសដាក់តម្កល់រួមមាន៖
១.បដិមានព្រះឧមា-មហេស្វរ ធ្វើពីស្ពាន់កម្ពស់ ៩ម៉ែត្រ បានសាងសង់រួច។
២.បដិមាសីហរាជមុខបី ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ បានសាងសង់រួច។
៣.បដិមាព្រះថោងនាងនាគ ធ្វើពីស្ពាន់ កម្ពស់ ២១ម៉ែត្រ គ្រោងធ្វើពិធីបដិមាភិសេកនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
និងទី៤.បដិមាព្រះស្កន់ទ្រង់ក្ងោក ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នា២០២២។
ខ្មែរក៏ដូចជាជាតិសាសន៍ដទៃទៀត គឺមានរឿងព្រេងនិទានអំពីដើមកំណើតទឹកដី និងដើមកំណើតបុព្វការីជនដំបូងបង្អស់របស់ខ្លួន។ រឿងព្រេងទាំងនោះ មានចារក្នុងសិលាចារឹក, កត់ត្រាក្នុងកំណត់ហេតុចិន, មាននៅក្នុងឯកសារពង្សាវតារ ឬ របាក្សត្រ ហើយរឿងខ្លះទៀតស្ថិតនៅក្នុងស្មារតីចងចាំរបស់ខ្មែររហូតមកដល់សព្វថ្ងៃ។ សាច់រឿងទាំងនេះមានសារៈប្រយោងជន៍យ៉ាងខ្លាំងចំពោះអារ្យធម៌ខ្មែរទាំងមូល និងបណ្ដុះស្មារតីប្រជាជនកម្ពុជាឲ្យមានឧត្តមគតិស្រលាញ់វប្បធម៌និងជាតិមាតុភូមិរបស់ខ្លួន។
រូបបដិមាព្រះថោងនាងនាគ ធ្វើពីស្ពាន់ កម្ពស់ ២១ម៉ែត្រ ពីព្រះបាទា ដល់មកុដ មានទម្ងន់ ៦០តោន ដាក់តម្កល់នៅលើខឿនជើងថ្កល់កម្ពស់ ៧ម៉ែត្រ និងមានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលមកុដសរុប ២៨ម៉ែត្រ តាំងលើខ្ពង់រាបមាន ២ថ្នាក់ កម្ពស់ ២,៨ម៉ែត្រ ជានិមិ្មតរូបនៃអាណាចក្រនគរភ្នំ បដិមាចារឹកក្នុងរង្វង់មូលអង្កត់ផ្ចិត ៩៩ម៉ែត្រស្ថិតនៅចំណុចប្រសព្វគ្នា រវាងមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បដិមាព្រះថោងនាងនាគ បែរព្រះភ័ក្ត្រទៅទិសខាងត្បូង ឆ្ពោះសមុទ្ររាម ជាឥរិយាបថព្រះថោងនាងនាគនៅកាន់ដែនមហាសាគរ ទ្រង់ព្រះរាជដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។
បដិមាព្រះថោងនាងនាគ ត្រូវបានរចនាឡើងដោយក្រុមការងារបច្ចេកទេសផ្លូវថ្នល់ នៃគ.អ.ធ.ក ដឹកនាំដោយបណ្ឌិតស្ថាបត្យករ លី រស្មី និងទទួលផលិតដោយក្រុមជាងនរៈសឹង្ហ ដែលបានសហការជាមួយវិទ្យាស្ថានចិន Shanwei Sculpture Institite ក្នុងការចាក់ពុម្ពស្ពាន់ ៕
សូមអានសេចក្ដីព័ត៌មានលម្អិតបន្ថែមអំពីពិធីបដិមាភិសេក “ព្រះថោងនាងនាគ” និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដូចខាងក្រោម៖









