ព័ត៌មានជាតិ

ក្រសួងសាធារណការ ឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និង២២ ពិនិត្យឡើងវិញ ខណៈក្រុមហ៊ុនមិនអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែលបានកំណត់

BY
srey nuch
April 25, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និង២២ ពិនិត្យឡើងវិញ ខណៈដែលក្រុមហ៊ុនមិនអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ ដើម្បីធានាដល់ការសាងសង់ផ្លូវបានរឹងមាំប្រើប្រាស់បានយូរអង្វែង។

ថ្លែងទៅក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រោយពីការធ្វើតេស្តលក្ខណៈបច្ចេកទេស ជាលទ្ធផលក្រុមការងារបច្ចេកទេសរបស់ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវនេះ មិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រនិងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត ដើម្បីធានាគុណភាពផ្លូវនេះជាប់បានយូរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យារពេលវេលាឱ្យក្រុមហ៊ុនសាងសង់រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធធ្វើតេស្តគុណភាពឱ្យបានច្រើនកន្លែងថែមទៀតចាប់ពីដើមទីរហូត ដល់ចប់ ដើម្បីបញ្ជាក់ឱ្យដឹងថា ផ្លូវនេះគ្មានគុណភាពតាម អ្វីដែលក្រសួងចង់បាន។

« យើងបានចុះវាយគ្រឹះច្រើនកន្លែងណាស់ កន្លែងខ្លះក៏ជាប់ ភាគច្រើនធ្លាក់ទាំងអស់ ក្រោមស្តង់ដាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ ដូច្នេះខ្ញុំបានបញ្ជាឱ្យក្រុមការងារយើងខ្ញុំ ចាប់ផ្តើមវ៉ៃឡើងវិញទាំងអស់តាំងពីដើម ទីដល់ចុងទី រាប់រយកន្លែងចង់ពាន់ក៏បានដែរ ដើម្បីធ្វើបទបង្ហាញជូនក្រុមហ៊ុនបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ យើងខ្ញុំទទួលមិនបាននូវគុណភាពផ្លូវរបស់អ្នកដែលបានសាងសង់មកឱ្យយើងខ្ញុំ» ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវនេះ មានការអធ្យាស្រ័យចំពោះការអូសបន្លាយពេលយូរចំពោះការសាងសង់ផ្លូវនេះផងដែរ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ជាតិលេខ២ និង ២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ សម្រេចលទ្ធផលការងារបាន៧៦,២០%។

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការ ដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងផ្លូវនេះមានប្រវែងសរុបជាង ៧២ គីឡូ ម៉ែត្រ ដែលក្នុងនោះកំណាត់ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២គីឡូម៉ែត្រ និងផ្លូវ ជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេក ទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ ២០១៩៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: