ព្រះនាងតូច នរោត្តម ចេនណា យាងចូលរួមពិធីបុណ្យឪពុកម្តាយរបស់កញ្ញា សុវត្ថិឌី ធារីកា ខណៈព្រះនាងកំពុងកាន់មរណទុក្ខជីដូនដូចគ្នា
- May 20, 2022
ដូចប្រិយមិត្តបានដឹងហើយថា ក្រុមគ្រួសាររបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយនៅខេត្តព្រះវិហារ ដែលបានបណ្តាលឲ្យឪពុកម្តាយរបស់កញ្ញាបានទទួលមរណភាពទាំង២នាក់តែមួយប៉ព្រិចភ្នែក។ ហើយពិធីបុណ្យបុណ្យសពឪពុកម្ដាយរបស់កញ្ញា សុវត្ថិឌី ធារីកា បានធ្វើបុណ្យតាមប្រពៃណី នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ។

ក្នុងនោះផងដែរ គេសង្កេតឃើញមានវត្តមានព្រះនាងតូច នរោត្តម ចេនណា ក៏បានយាងចូលរួមពិធីបុណ្យផងដែរ ខណៈព្រះនាងក៏កំពុងតែកាន់មរណទុក្ខដូចគ្នា។ ព្រះនាងតូច នរោត្តម ចេនណា បានបង្ហោះព្រះរាជសារនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖
«ត្បិតតែពេលនេះជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធិរីកា ធ្វើអោយខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលអោយខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យសពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ បងស្រីធិរីកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់។
បងស្រីបាត់បង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែមួយ ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំអោប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុក្ខធ្ងន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ? ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចវាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ។
ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ និងសុំអោយបងស្រីរឹងមាំឡើង លោកម្តាយនិងលោកឪពុករបស់បងស្រី និងទៅដល់ឋានសួគ៌សុគតិភព ហើយពួកគាត់និងតាមថែរក្សាបង និងក្រុមគ្រួសារជាមិនខាន»៕

រូបភាព៖ NCJ, CheaSokheng និង ក្រុមព្រះសុរិយា
- Share This Post:






