ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា នឹងសម្ដែងពិសេសក្នុងពិធីប្រគល់-ទទួលទង់ស៊ីហ្គេម ល្ងាចនេះក្នុងនាមម្ចាស់ផ្ទះឆ្នាំ២០២៣

    BY Khmernote Media May 23, 2022
    កម្ពុជា នឹងសម្ដែងពិសេសក្នុងពិធីប្រគល់-ទទួលទង់ស៊ីហ្គេម ល្ងាចនេះក្នុងនាមម្ចាស់ផ្ទះឆ្នាំ២០២៣

    ហាណូយ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម បានបញ្ចប់ការប្រកួតទាំងស្រុង ត្រឹមយប់ថ្ងៃទី២២ ខែឧសភា ម្សិលមិញ ខណៈយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ពិធីបិទជាផ្លូវការ ក៏នឹងត្រូវរៀបចំឡើងនៅកីឡដ្ឋានក្នុងសាល Hanoi Indoor Games Gymnasium នាទីក្រុងហាណូយ។

    ពិធីបិទនេះនឹងពិសេសជាងឆ្នាំមុនៗដោយកម្ពុជា ក៏នឹងត្រៀមចូលរួមក្នុងកម្មវិធី ដើម្បីធ្វើការសម្ដែងអបអរសាទរពិធីប្រគល់-ទទួលទង់ស៊ីហ្គេម សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រសាសន៍ថា ៖«សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត នឹងចូលរួមពិធីទទួលទង់ស៊ីហ្គេម (ទង់ជ័យសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍) នៅល្ងាចនេះ ដែលត្រូវដង្ហែយកទៅធ្វើការរៀបចំធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា»។

    ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានបន្តឲ្យដឹងថា ៖«អត្ថន័យនៃការផ្ទេរសិទ្ធិ និងប្រគល់ទង់ស៊ីហ្គេម មកដល់កម្ពុជានេះ គឺជាអត្ថន័យដែលកម្ពុជា ត្រូវស្វាគមន៍គេទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា។ អ៊ីចឹងអ្វីដែលមាននៅក្នុងកម្មវិធីយើងមានផែនទស្សនីយភាពនៃរបាំ ចម្រៀង។ ជាពិសេសចម្រៀងស្វាគមន៍ប្រទេសទាំងអស់ឲ្យទៅកម្ពុជា ហើយក៏មានបង្ហាញសិល្បៈ វប្បធម៌ សិល្បៈក្បាច់គុនរបស់យើង គឺគុនល្បុក្កតោនៅក្នុងពិធីនោះដែរ ហើយមានរបាំអប្សរា របាំសហសម័យផ្សេងៗទៀតអំពីការបង្ហាញចេញនូវទស្សនីយភាពមួយថា កម្ពុជា មានមូលដ្ឋានវប្បធម៌ អរិយធម៌ រឹងមាំ ហើយនឹងបង្ហាញវប្បធម៌ អរិយធម៌ ដ៏ស៊ីជម្រៅនេះក្នុងពេលស៊ីហ្គេមកម្ពុជា។ មកនេះគឺយើងបង្ហាញតូចទេ ប៉ុន្តែដល់ពេលស៊ីហ្គេមនៅកម្ពុជា យើងនឹងបង្ហាញភាពអស្ចារ្យធំជាងនេះ។ ហើយក៏យើងមានបង្ហាញវីដេអូ ដែលពីសក្ដានុពលជាតិរបស់យើងទាំងមូល។ សក្ដានុពលទេសចរណ៍ សក្ដានុពលសេដ្ឋកិច្ច បង្ហាញពីពហុកីឡដ្ឋានជាតិមរតកតេជោ បង្ហាញពីវិមានឈ្នះឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធដែលរីកដុះដាលនៅកម្ពុជារបស់យើង ដើម្បីទាក់ទាញប្រទេសទាំងអស់ និងអ្នកដែលចូលរួមនៅក្នុងស៊ីហ្គេម សមាជិកស៊ីហ្គេមទាំងអស់ឲ្យមកកម្ពុជា ហើយបង្ហាញថា កម្ពុជា នឹងស្វាគមន៍ដោយកក់ក្ដៅបំផុត»។

    បន្ទាប់ពីពិធីប្រគល់-ទទួលទង់ស៊ីហ្គេម បញ្ចប់ នៅថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី២៤ ខែសភា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំក្បួនដង្ហែទង់ស៊ីហ្គេម និងជ័យលាភីមេដាយ ស៊ីហ្គេមលើកទី៣១ ដើម្បីជាសារបញ្ជាក់ថា ស៊ីហ្គេមមកដល់កម្ពុជា។

    ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍សំណូមពរថា ៖«សូមបញ្ជូនសារ ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ឬក៏ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស សូមចូលរួមអបអរសាទរនៅថ្ងៃទី២៤ វេលាម៉ោង ៥:៣០ល្ងាច គឺប្រតិភូដឹកនាំដោយសម្តេចពិជ័យសេនា នឹងទៅដល់ប្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយយើងនឹងធ្វើពិធីដង្ហែពីព្រលានយន្ដហោះ។ ដង្ហែទង់ស៊ីហ្គេម ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា ហាក់បីដូចជាស៊ីហ្គេមបានមកដល់កម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ ដោយយើងហែរពីព្រលាន រហូតទៅដល់ វិមានឯករាជ្យ រួចទើបហែរត្រលប់ចូលទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អ៊ីចឹងសូមត្រៀមអបអរសាទរទាំងអស់គ្នាថា ស៊ីហ្គេមមកដល់កម្ពុជាហើយ ទង់របស់ស៊ីហ្គេម បានបង្ហែមកដល់កម្ពុជា នៅថ្ងៃទី២៤ ខែឧសភា វេលាម៉ោង ៥ល្ងាច។ សូមផ្ញើសារនេះទៅដល់ប្រជាពលរដ្ឋទាំងអស់ អ្នកស្នេហាវិស័យកីឡាទាំងអស់ ក៏ដូចជាយុវជនរបស់យើងទាំងអស់ ជួយអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី មេដាយជ័យលាភីរបស់យើងក្រោយពីចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមផងដែរ»។

    សូមរម្លឹកថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ គ្រោងនឹងធ្វើពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

    ប្រភព៖ Cambodia 2023

    Share This Post: