មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់បាត លលាដ៍ខួរក្បាល សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ
ភ្នំពេញ នៅមន្ទីពេទ្យព្រះអង្គឌួង នារសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ បានដាក់អោយប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់បាត លលាដ៍ខួរក្បាល សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង ប្រធានមន្ទីពេទ្យព្រះអង្គឌួង និងមានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសជាច្រើនរូបផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង ប្រធានមន្ទីពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់អោយប្រើប្រាស់មានដូចជា អឹមរ៉ៃ ១.៥ តេស្លា ម៉ាស៊ីនCT-scan 160slice។ឯកឧត្តមសាស្រ្តាចារ្យរងបានបន្តថា រូបភាពវេជ្ជសាស្រ្តាគឺមានច្រើន ដែលសព្វថ្ងៃមន្ទីរពេទ្យបានដាក់ដំណើរចំនួន៣រួចមកហើយ និងដាក់បន្ថែម១ទៀត ដូច្នេះយើងមានចំនូន៤ ប៉ុន្តែម៉ាស៊ីនថ្ងៃនេះមានទំហំធំ រហូតដល់ ១៦០ slice។ ជាមួយគ្នានេះ ម៉ាស៊ីនអឹមរ៉ៃ ក៏ដាក់ក្នុងកម្រិតខ្ពស់ដែរ។
ឯកឧត្តមសាស្រ្តាចារ្យរងសង្ឃឹមថា ក្រោយដាក់រូបភាពវេជ្ជសាស្រ្តទាំងពីរនេះ ដើម្បីអោយការស្វែងរករោគវិនិច្ឆ័យអោយកាន់តែសុក្រឹតភាព និងប្រសិទ្ធភាព។ ម៉ាស៊ីនទាំងពីរនេះ នឹងធ្វើអោយការស្វែងរករោគផ្នែកច្រមុះ មាត់ បំពង់ករ ការវះកាត់ខួរក្បាលកាន់តែមានកម្រិតខ្ពស់ ព្រោះផ្នែកទាំងអស់មានទំនាក់ទំនងជាមួយគ្នា។
ទន្ទឹមនឹងឧបករណ៍ទំនើប និងវេជ្ជបណ្ឌិតជំនាញ ឯកឧត្តមសាស្រ្តាចារ្យ លូ លីឃាង ក៏សង្ឃឹមថានឹងមានវេជ្ជបណ្ឌិតស្នងបន្តបន្ទាប់សម្រាប់អ្នកជំនាញ គឺស្នងទាំងចំណេះវិជ្ជា ស្នងទាំងថ្នាក់ដឹកនាំ។ កត្តានេះហើយ ដែលធ្វើអោយមន្ទីរពេទ្យអង្គឌួងខ្លាំង ដែលពី ១០ឆ្នាំមុនមានអ្នកជំងឺ១៣០ ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះមានរហូតដល់ជាង ៣០០០នាក់។
ជាមួយគ្នានេះ វេជ្ជបណ្ឌិតជំនាញឯកទេសបានលើកឡើងថា ម៉ាស៊ីនទាំង៣នេះ បង្ហាញអោយឃើញការអភិវឌ្ឍនៃវិស័យសុខាភិបាល ហើយម៉ាស៊ីននេះជួយអោយការសម្រេចចិត្តរបស់គ្រូពេទ្យបានរហ័យជាំងមុន និងប្រសិទ្ធភាពជាងមុន ជាពិសេសម៉ាស៊ីនវះកាត់ខួរក្បាលជាម៉ាស៊ីនទំនើបមួយដែលចូលរួមព្យាបាលដោយគ្រូពេទ្យឯកទេស ផ្សេងៗគ្នាក្នុងការវះកាត់នៅដុំបាតលលាដ៍ក្បាល។ ការវះបែបនេះ គឺកាត់បន្ថយការហូរឈាម វះកាត់មុខរបួសតូច រយ:ពេលនៃការជាសះស្បើយឆាប់ជាងមុនផងដែរ។
សូមបញ្ចាក់ថា មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យមានឯកទេសជំនាញខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺ ដូចជាអ្នកជំងឺភ្នែក ច្រមុះ បំពង់ក និងខួរក្បាល និងជំនាញផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីអ្នកជំងឺ ក្នុងការស្វែងរកសេវាព្យាបាលជំងឺរបស់ខ្លួន។









ប្រភព ទទក