ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមផ្ដល់អាហារពេលព្រឹក ដល់សិស្ស ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស

    BY Khmernote Media May 23, 2022
    ក្រសួងអប់រំ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមផ្ដល់អាហារពេលព្រឹក ដល់សិស្ស ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយក្រសួងអប់រំដើម្បីផ្ដល់អាហារពេលព្រឹកដល់សិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាល ដែលជាការបន្ត លើកកម្ពស់សុខភាពរបស់សិស្ស ឱ្យបានបន្តការសិក្សាតទៅមុខទៀត។

    ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ ស្វាគមន៍និងថ្លែងអំណរគុណ ចំពោះកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ពិសេសអង្គការស្បៀងអាហារពិភពលោក ដើម្បីបន្តផ្តល់អាហាររូបត្ថម្ភ និងបំប៉នសុខភាពសិស្ស ឱ្យបន្តការសិក្សាតទៅមុខទៀត តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។

    ឯកឧត្តមបន្ដថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យដំណើរការរៀនឡើងវិញ នៅសាលារៀនទូទាំងប្រទេស កម្មវិធីផ្ដល់អាហារពេលព្រឹកនៅតាមសាលារៀនក៏បានត្រឡប់មកវិញដែរ ហើយអាហារពេលព្រឹកក្ដៅៗ ដែលបានផ្ដល់ជូនទៅដល់សិស្សនៅរៀងរាល់ព្រឹកនេះ មិនត្រឹមតែសម្បូរ ទៅដោយជីវជាតិ ជួយដល់កុមារប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកកម្ពស់កសិផលក្នុងសហគមន៍ទៀតផង ព្រោះថាបន្លែនិងសាច់សម្រាប់កម្មវិធីនេះ គឺត្រូវបានផលិតនៅក្នុងសហគមន៍ ជុំវិញតំបន់គោលដៅនីមួយៗផងដែរ។

    « កម្មវិធីនេះបានផ្ដល់អាហារក្ដៅៗពេលព្រឹកសម្បូរជីវជាតិដល់សិស្សានុសិស្សរហូត ដល់ជាង ២៧ ម៉ឺននាក់ ជារៀង រាល់ព្រឹក និងបានជួយលើកកម្ពស់កសិផលក្នុងសហគមន៍ ព្រោះបន្លែនិងសាច់សម្រាប់កម្មវិធីនេះ ត្រូវបានផលិតក្នុងសហគមន៍នៅជុំវិញតំបន់គោលដៅនីមួយៗ។ សិស្សានុសិស្សដែលកំពុងសិក្សាក្នុងសាលាគោលដៅនៅទូទាំងប្រទេស បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីបានទទួលទានអាហារពេលព្រឹកនៅសាលារៀនឡើងវិញ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនអាហារជារៀងរាល់ព្រឹកដល់សិស្សចំនួនជាង៥ម៉ឺននាក់នៅតាមសាលាចំនួន ២៩០ និងសិស្សានុសិស្សចំនួនជាង ២២ ម៉ឺននាក់ នៅតាមសាលាចំនួន ៨២៣ទៀត ត្រូវបានផ្ដល់ជូនដោយកម្មវិធីស្បៀងអាហារពិភពលោក។ អាហារូបត្ថម្ភល្អ ចូលរួមលើកកម្ពស់គុណភាពរៀននិងបង្រៀន ថែមទាំងបណ្ដាលឱ្យគុណភាពជីវិតរឹតតែប្រសើរ»។

    គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានសិស្សានុសិស្សប្រមាណជាង ២៧ម៉ឺននាក់ ដែលនៅតាមសាលាគោលដៅចំនួន ១១១៣ ទូទាំងប្រទេស កំពុងតែរីករាយជាមួយនិងការទទួលបាននូវរបបអាហារពេលព្រឹកក្ដៅៗ នៅតាមសាលារៀនឡើងវិញ បន្ទាប់ពីបានផ្អាកដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំមកនេះ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: