រថយន្តដឹកជញ្ជូនកងទ័ពជើងគោក ដឹកជញ្ជូនជនអានាថា និងជនសតិមិនគ្រប់ចំនួន ១២៦នាក់ ទៅមណ្ឌលកែប្រែ ក្រុងព្រះសីហនុ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ តាមបញ្ជារបស់ ឯកឧត្តម ឧត្តសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនា ធិការ យោធភូមិភាគ៥ បានចាត់តាំងលោកវរសេនីយ៍ត្រី រាជ ថាវរៈ មេបញ្ជាការកងអនុសេនាធំដឹកជញ្ជូន ដឹកនាំកម្លាំងនឹងរថយន្តទៅអធិការក្រុងបាត់ដំបង តាមសំណើររបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង។

ដែលបានស្នើសុំរថយន្តដឹកជនអាណាថានឹងញៀនថ្នាំទៅមណ្ឌលកែប្រែ ក្នុងនោះកម្លាំងសហការណ៍រួមមាន កម្លាំងអធិការក្រុងបាត់ដំបង កម្លាំងកងរាជអវុធហត្ថខេត្ត នឹងកម្លាំងដឹកជញ្ជូន យោធភូមិភាគទី៥ ប្រើប្រាស់រថយន្តចំនួន ៤គ្រឿង ដឹកជនអាណាថា នឹងញៀនថ្នាំមានចំនួន ១២៦នាក់ដឹកចេញពីអធិការក្រុងបាត់ដំបងទៅមណ្ឌលកែប្រែ ក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាត់ដំបង ដាក់ចេញយុទ្ធនាការចុះប្រមូលជនអនាថា ជនវិកលចរិក ជនសតិមិនគ្រប់ អ្នកញៀនថ្នាំ នៅតាមទីសាធារណៈនានា ក្នុងក្រុងបាត់ដំបង ដឹកនាំដោយ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង រួមកម្លាំងសហការដោយកម្លាំងអធិការនគរបាលក្រុងបាត់ដំបង កម្លាំងអាវុធហត្ថក្រុង និងកម្លាំងនៃរដ្ឋបាលមូលដ្ឋានសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ដើម្បីយកទៅដាក់តាមមណ្ឌលស្តានិតិសម្បទា និង ដើម្បីរួមចំណែកសណ្តាប់ធ្នាប់របៀបរៀបរយ តាមទីសាធារណៈនានា និងដើម្បីសោភ័ណភាពកាន់តែល្អប្រសើរ ៕






