ព័ត៌មានជាតិ

ស្អែកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា ផ្ដល់ឥណទានសម្បទានពីជប៉ុនជាង ៣១០លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ

BY
srey nuch
August 5, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ៖

១.លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៤១.៣៨៨.០០០.០០០យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែនក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហាយ៉ាងហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។

២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហារឹកុ ប្រធានតំណាង JICA ប្រចាំកម្ពុជា។

ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ភាពពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រើក្លាយកំពង់ផែននេះ ទៅជាទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

នៅមុនពិធីចុះហត្ថលេខា ឯកឧត្តម យ៉ាងហ្ស៊ី យ៉ូហ្ស៊ីម៉ាសា នឹងអញ្ជើញឲ្យចូលជួបសម្តែងការ គួរសមចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: