ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ បញ្ជាក់ថា នឹងបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូប ពីសហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ

    BY Khmernote Media August 9, 2022
    ក្រសួងវប្បធម៌ បញ្ជាក់ថា នឹងបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូប ពីសហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប ពីសហរដ្ឋអាមេរិក ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។

    វត្ថុទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយអាជ្ញាធរសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្គេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ដីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះ មានរូបបដិមាសំខាន់ៗ មួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ “ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស” ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវរត្សរ៍ទី១០ នៃគ​.ស។

    សូមបញ្ជាក់ថា ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង ៣០ រូបមកកម្ពុជា ក្នុងពេលវេលាខាងមុខនេះ ហើយក្រសួងនឹងជូនព័ត៌មាន បញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះមកដល់កម្ពុជា។

    សូមអានសេចក្ដីជូនព័ត៌មានលម្អិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
    រូបភាព៖ Kung Phoak

    Share This Post: