ការសិក្សាមួយបានបង្ហាញថា ៤០ភាគរយនៃអ្នកចូលបរិភោគអាហារតាមភោជនីយដ្ឋាន ចូលចិត្តថតរូបម្ហូបបង្ហោះតាមបណ្តាញសង្គម ហើយទើបញ៉ាំតាមក្រោយ
- BY
- autoadmin
- December 11, 2018
យោងតាមការសិក្សាមួយបានឱ្យដឹងថា អ្នកបរិភោគអាហារសរុបចំនួន៤០ភាគរយ នឹងបង្ហោះរូបថតនៃអាហាររបស់ពួកគេទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលញ៉ាំអាហារពេលល្ងាច។ ការស្រាវជ្រាវនេះបានស្ទង់មតិមនុស្សពេញវ័យចំនួន ២,០០០នាក់ ដែលបានញ៉ាំអាហារក្នុងអំឡុងពេល១២ខែកន្លងមកនេះ និងបានរកឃើញថា បណ្តាញសង្គមដូចជា Instagram និងហ្វេសប៊ុក ដើរតួនាទីយ៉ាងសំខាន់នៅពេលដែលពួកគេចេញទៅញ៉ាំអាហារ។ ការសិក្សានេះក៏បានបង្ហាញថា ១/៤នៃមនុស្សដែលមានអាយុពី ២៥ ទៅ ៣៤ឆ្នាំ នឹងបង្ហោះរូបភាពអាហាររបស់ពួកគេ ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមិត្តភក្តិ និង Followers របស់ពួកគេ ហើយ៤២ភាគរយផ្សេងទៀត នឹងចែករំលែកនូវរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីណែនាំទីកន្លែងល្អៗឱ្យមិត្តភក្តិរបស់ពួកគេ។
យ៉ាងណាមិញវត្តមានភោជនីយដ្ឋានអាហារពេលល្ងាចនៅលើបណ្តាញសង្គមគឺមានសារៈសំខាន់ណាស់ ដែល១៥ភាគរយនៃអ្នកចូលចិត្តបរិភោគអាហារពេលល្ងាចតាមភោជនីយដ្ឋាននឹងមិនទៅភោជនីយដ្ឋានណាដែលមិនមានវត្តមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬមានម៉ឺនុយដើម្បីមើលលើអ៊ីនធឺណិតទេ។ លើសពីនេះទៀត ២៨ភាគរយនៃអ្នកចូលចិត្តបរិភោគអាហារពេលល្ងាចនឹងធ្វើការកក់ភោជនីយដ្ឋានទាំងនោះតាមរយៈ Facebook, Twitter ល ។ អនុវត្តតាម OnePoll ការស្រាវជ្រាវក៏រកឃើញថា ៩ក្នុងចំណោម ១០នាក់ មិនទាំងចងចាំនូវមុខម្ហូបក្នុងបញ្ជីភោជនីយដ្ឋានដែលគេចូលបរិភោគនោះផង ហើយមួយភាគបួននៃភ្ញៀវទាំងនោះគឺមានការខ្មាស់អៀនក្នុងការស្នើសុំបុគ្គលិកបំរើសេវាឱ្យជួយពួកគេទៀតផង។
ការសិក្សាខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថា បណ្តាញសង្គមគឺពិតជាមានសារៈសំខាន់ណាស់ចំពោះភ្ញៀវ និងម្ចាស់ភោជនីយដ្ឋានទាំងនោះ ដោយបណ្តាញសង្គមបានជួយឱ្យភ្ញៀវទាំងនេះមានភាពងាយស្រួលក្នុងការរើសយកភោជនីយដ្ឋានណាដែលសាកសមជាមួយនឹងពួកគេ និងមានភាពងាយស្រួលក្នុងការកក់អនឡាញ ជាពិសេសគឺវាចំណេញដល់ម្ចាស់ហាងនៅពេលដែល អាហារ និងទីកន្លែងរបស់ពួកគេត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកដែលចូលចិត្តបរិភោគអាហារពេលល្ងាចទាំងនោះ ប៉ុន្តែមិនមែនត្រឹមតែមានមុខម្ហូបគួរឱ្យចាប់អារម្មណ៍គឺអាចទាក់ចិត្តភ្ញៀវបានទេ ភោជនីយដ្ឋានទាំងនោះក៏ត្រូវមានអនាម័យ និងការតុបតែងស្អាតផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ mirror
- Share This Post:






