ជាប់ពន្ធនាគារម្ដងហើយមិនរាង ឥលូវមកចេញឆក់ទៀត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឆក់ខ្សែកមាសពីស្ត្រីអាយុ ៧៤ឆ្នាំ បណ្ដាលឱ្យរងរបួស (មានវីដេអូ)
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងម៉ូតូធ្វើសកម្មភាព និង ដកហូតខ្សែកជនរងគ្រោះមកវិញ។

ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) នៅមុខផ្ទះ១៦៨ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី០៦-០៨-២០២២ ម៉ោង០៧និង ០០នាទី។
-ជនរងគ្រោះឈ្មោះដុង ធីឌែប ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ០៥F ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
-ជនសង្ស័យឈ្មោះញ៉ែម យ៉ុម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ កំពុងឈរនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Honda Scoop ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JM-២២០១ មកពីក្រោយឆក់ខ្សែកមាស ០១ខ្សែ (ទម្ងន់០៥ជី) និងធាក់ជនរងគ្រោះដួលលើផ្លូវរបួសជង្គង់ស្តាំ រួចជិះគេចខ្លួន។ លុះដល់ថ្ងៃទី០៩-០៨-២០២២ ម៉ោង ០៧និង០០នាទី សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ នៅភូមិកើតហេតុ ដកហូតខ្សែកជនរងគ្រោះ រួមនិងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅសាកសួរ។ កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០៧ខែ ក្នុងឆ្នាំ២០១៩ ពីបទ ៖ លួច ។ លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន) ៕


