សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យនាយនគរបាលដែលទៅសិក្សានៅប្រទេសវៀតណាម ត្រូវគោរពវិន័យឱ្យបានល្អ ចៀសវាងបង្កបញ្ហាផ្សេងៗនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យនាយនគរបាលដែលទៅសិក្សា នៅប្រទេសវៀតណាម ត្រូវគោរព វិន័យឱ្យបានល្អ ចៀសវាងបង្កបញ្ហាផ្សេងៗនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងកង កម្លាំងនគរបាលជាតិ ដើម្បីយកចំណេះដឹងមកបម្រើអង្គភាព បម្រើជាតិ និងប្រជាជន។

ក្នុងឱកាសអនុញ្ញាតឱ្យនាយនគរបាលចំនួន៦០រូប ដែលត្រៀមចេញទៅសិក្សាវគ្គបំប៉ននៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ បានជំរុញឱ្យនាយនគរបាល ទាំង៦០រូប យកចិត្តទុកដាក់គោរពវិន័យឱ្យបានល្អ ចៀសវាងបង្កបញ្ហាផ្សេងៗនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងកងកម្លាំងនគរបាលជាតិ ហើយប្រសិន បើមានបញ្ហាឬការលំបាកអ្វីពេលកំពុងរៀនសូត្រនោះ ក៏ត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីជួយផ្ដល់ការគាំទ្រឱ្យបានល្អ ដ្បិតនាយនគរបាលចេញទៅសិក្សានេះ គឺដើម្បីយកចំណេះដឹងមកបម្រើអង្គភាពបម្រើជាតិ និងប្រជាជន។ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថា កន្លងមកភាគ ច្រើននៃកម្លាំងនគរបាលដែលបានបញ្ជូនទៅរៀនសូត្រនៅក្រៅប្រទេសនោះ គឺបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម។
សម្ដេចក្រឡា ហោម បន្តថា ក្នុងកិច្ចសហ ប្រតិបត្តិការជាមួយក្រសួង មហាផ្ទៃកម្ពុជា គឺភាគីវៀតណាមបានរួមចំណែកច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកងកម្លាំងនគរបាលជាតិ។ សម្ដេចក្រឡាហោម បានបន្ថែមថា នៅប៉ុន្មានឆ្នាំចុង ក្រោយនេះ សម្ដេចបានដាក់ការប្ដេជ្ញាចិត្ត នឹងឈានទៅអនុវត្តបានកាន់តែច្រើនហើយនូវការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋម ទៅសិក្សានៅក្រៅប្រទេស ហើយថាសម្ដេចមានការប្ដេជ្ញាចិត្តខ្ពស់អនុវត្តការងារនេះឱ្យបាន១០០ភាគរយ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ ជាកម្លាំងអនុវត្តច្បាប់ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់សាធារណៈ និងជួយពង្រឹងដល់សន្តិភាពប្រទេសជាតិ ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្ដីសុខ។
សម្ដេចក្រឡាហោម បន្តថា នគរបាលជាតិពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តបេសកកម្មដូចបានបញ្ជាក់ខាងលើ។សម្ដេច បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់ ក្នុងន័យដើម្បីធានាដល់ការពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្រ្តីនគរបាលជាតិ ក្នុងនោះ ការសិក្សារៀនសូត្រនេះ គឺជាគន្លឹះដ៏សំខាន់មួយនៅ ក្នុងការងារកំណែទម្រង់នគរបាលជាតិ ទាំងការសិក្សារៀនសូត្រក្នុងប្រទេស និងក្រៅប្រទេស៕


ប្រភព៖ ក្រសួងព័ត៌មាន