ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាត្រូវការថវិកាជាង ៤០លានដុល្លារ សម្រាប់ផែនការអភិរក្សសត្វដំរីអាស៊ី ក្នុងរយៈពេល១០ឆ្នាំ

    BY Khmernote Media August 13, 2022
    កម្ពុជាត្រូវការថវិកាជាង ៤០លានដុល្លារ សម្រាប់ផែនការអភិរក្សសត្វដំរីអាស៊ី ក្នុងរយៈពេល១០ឆ្នាំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តាមការប៉ាន់ស្មានផែនការ សកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា គឺត្រូវការថវិកាចំនួន៤០,៥លានដុល្លារ អាមេរិក ដែលគម្រោងថវិកានេះរំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

    ថ្លែងក្នុងឱកាសយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ និងអបអរសាទរទិវាដំរីពិភពលោក នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយនៅក្នុងរយៈពេល១០ឆ្នាំ គិតចាប់ពី ឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ បានកំណត់នូវបញ្ហាអាទិភាពចំនួន៧ ក្នុងនោះរួមមាន៖

    ទី១.ការកាត់បន្ថយ ការបាត់បង់ទីជម្រក។

    ទី២.អភិរក្សនិងតភ្ជាប់ច្រករបៀងនិងហ្វូងដំរីព្រៃឡើងវិញ។

    ទី៣.ពង្រឹងការអនុវត្តន៍ ច្បាប់។

    ទី៤.បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម។

    ទី៥.បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស។

    ទី៦.អប់រំផ្សព្វផ្សាយ និងទី៧. សិក្សាស្រាវជ្រាវនិងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។

    ឯកឧត្តម បន្តថា តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានរកឃើញថា ដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញ ដូចជានៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ជាដើម។ ចំនួនសត្វដំរីអាស៊ីនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៤០០ទៅ ៦០០ក្បាល នៅក្នុងតំបន់ ការពារធម្មជាតិនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ និងភាគឦសាន្ត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានប្រមាណជាង ៧០ក្បាល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: