សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យអ្នកបន្លំធ្វើជាជនរងគ្រោះក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនទៅសារភាពជាបន្ទាន់
រាជជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីតាមដានស្រាវជ្រាវព័ត៌មានរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានប្រកាសឱ្យអ្នក ដែលបន្លំធ្វើជាជនរងគ្រោះ ហើយពាក់អាវស្លាកគណបក្សប្រជាជន កម្ពុជាក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនទៅសារភាពកំហុសជាបន្ទាន់ បើមិនចង់មានដីកាតាមចាប់ខ្លួន។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ការពីការផ្សាយឡាយរបស់សារព័ត៌មានមួយ ដែលអ្នកបន្លំនោះមានពាក់ អាវគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលកំពុង ស្រែករកយុត្តិធម៌ រឿងដីធ្លីនៅព្រះសីហនុ បើមើលឱ្យមែនទែនទៅ ដំបូងយើងថារឿងអយុត្តិធម៌ ក៏ប៉ុន្តែធាតុពិតគាត់នេះ កំពុងតែបោកប្រាស់យើង ហើយពាក់អាវគណបក្ស ប្រជាជនកម្ពុជាទៀត។ សម្ដេចតេជោលើកឡើងថា អ្នកដែលបន្លំនោះ ឥឡូវនេះគាត់រត់គេចខ្លួនបាត់។ សម្ដេចតេជោ ក៏បានណែនាំឱ្យជនដែលបន្លំខ្លួននោះ ទៅជួបជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីឱ្យគេទទួលខុសត្រូវថា គេបានប្រព្រឹត្តនូវកំហុសពិតប្រាកដ នៃការកាប់ទន្ទ្រានដីព្រៃ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសន្យាឱ្យតែអ្នកឯងចូលខ្លួន ទៅនិយាយគ្នាឱ្យច្បាស់លើរឿងនេះ ឥឡូវសុំទៅ បើមិនទៅទេប្រយ័ត្នមានដីកាចាប់ខ្លួន។ ឥឡូវខ្ញុំទទួលបានហើយ ខ្ញុំបានបញ្ជូនតាំងពីម្សិល ហើយខ្ញុំបានណែនាំទៅ គួច ចំរើន គាត់លូនក្រាបៗ ពាក់អាវគណបក្សប្រជាជន ទៀត» ។
សម្ដេចតេជោបន្ថែមថា ជាទម្លាប់របស់សម្ដេច គឺសម្ដេច មានប្រភពតាមដានក្រៅពីនោះ។ ដោយដំបូងសម្ដេចគិតថា គាត់មានរឿងអយុត្តធម៌ យ៉ាងហោច ណាស់យើងបានស្រាវជ្រាវ ប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ ត្រូវតែមាន ព្រោះអ្នកឯងបានបំផ្លិចបំផ្លាញ ធ្វើជាមេខ្លោងរុញមនុស្សទៅកាប់ទន្ទ្រានដីព្រៃ។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមទៀតថា មេខ្លោងដែលជំរុញឱ្យមនុស្ស ទៅកាប់ទន្ទ្រានយកដី កំពុងជាប់ឃុំ ។ ពេលមេខ្លោង ទៅទទួលខុសត្រូវរួចហើយ គឺឱ្យនៅក្រៅឃុំ ព្រោះមិនទាន់ដល់ដំណើរការរឿងក្ដី នៅក្នុងតុលាការទេ ដែលយើងអាចឈានទៅដល់ ការលើកលែងការចោទប្រកាន់។
ក្នុងឱកាសនោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងទៀតថា សម្ដេចមានវិធិតាមដានការងារ ក្រៅពីប្រព័ន្ធរបស់រដ្ឋ ដែលរាយការណ៍ ហើយសម្ដេចក៏នៅទទួលបាន ការផ្ដល់មតិ ដោយមធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សេងៗទៀត ៕



ប្រភព៖ ក្រសួងព័ត៌មាន