ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលក្រុងសៀមរាប ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ

    BY Khmernote Media August 17, 2022
    អភិបាលក្រុងសៀមរាប ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ​លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថាន ភាពជំនន់ទឹកភ្លៀងដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបាន ដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។​

    ជាមួយគ្នានេះ លោកអភិបាលក្រុងក៏បានជម្រាបជូន ពីមូលហេតុនៃការជន់នេះ គឺ ដោយស្ថានភាពទឹកភ្លៀងធ្លាក់មានកម្រិតខ្លាំង និងរយៈពេលយូរច្រើនម៉ោង ហើយមិនមាន ការបើកមុខទឹកភ្លាមៗ ដើម្បីទម្លាក់ចូលទៅកំណាត់ដងស្ទឹងសៀមរាបប៉ែកខាងក្រោម(ទ្វារទឹក អតីតកសិដ្ឋានចិញ្ចឹមក្រពើ) ក៏ព្រោះតែថ្នាក់ដឹកនាំត្រូវតាមដានមើលស្ថានភាពកម្រិត ទឹកភ្លៀង បើអាចគ្រប់គ្រងបាន គឺបញ្ចៀសឱ្យបាន ព្រោះមិនចង់ឱ្យមានផលប៉ះពាល់ ដល់ ការដ្ឋាន កែលម្អ និងការស្តារកំណាត់ដងស្ទឹងសៀមរាបជំហាន២ ដែលកំពុងដំណើរការឡើយ និង ដើម្បីរួមចំណែកធ្វើឱ្យក្រុងសៀមរាបកាន់តែមានសោភ័ណភាពល្អស្អាត និងមានវិសាលភាព ធំទូលាយជាងមុន ផ្សារភ្ជាប់ទៅដល់តំបន់ជាយក្រុងសៀមរាប។ តែទីបំផុត ទោះបី មានផល ប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ត្រូវគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលមានសារៈសំខាន់ជាងអ្វីៗទាំងអស់។

    លោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំចាក់ ដីបំពេញដើម្បីអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ឬសាងសង់សំណង់ផ្សេងៗ សូមចូលរួមគិតគូរ និង ថែរក្សាប្រព័ន្ធរំដោះទឹកភ្លៀងចៀសវាងបង្កជាផលរំខាន ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដទៃទៀតផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: