សង្គម

អាណិតណាស់! គ្រួសារគ្មានលទ្ធភាព ក្មេងស្រី២នាក់នាំគ្នារត់ទៅសុំឲ្យចៅសង្កាត់ ជួយឲ្យបានចូលរៀនសូត្រនឹងគេ

BY
Khmernote Media
December 13, 2018

មហាជន ពិសេសអ្នកលេងបណ្ដាញសង្គមបានសម្ដែងក្ដីអាណិតខ្លោចចិត្ត ក្រោយពេលដឹងថាកុមារី២នាក់បងប្អូន ដោយសារតែជីវភាពគ្រួសារខ្វះខាត ហេតុតែចង់រៀនសូត្រ ពេកបានទៅសុំឲ្យលោកចៅសង្កាត់ជួយអំពាវនាវដល់សប្បុរសជនតែម្ដង។ បើតាមការឲ្យដឹងរបស់អាជ្ញាធរ កុមារីទាំង២នាក់បងប្អូននេះ កូនទី១ ឈ្មោះ រត្ន័ រចនា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៦។ ទី២ ឈ្មោះ រត្ន័ កញ្ញា អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣ មានម្តាយមិនស្គាល់ឈ្មោះ ជាស្រ្តីម៉េម៉ាយប្តីរត់ចោល ហើយពុំមានផ្ទះសម្បែងត្រឹមត្រូវឡើយ ដោយសព្វថ្ងៃ
ស្នាក់នៅមិនអចិន្ត្រៃយ៍ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

ក្រោយពេលបានដឹង និងមើលឃើញពីទុក្ខលំបាក និងអាណិតដល់ក្មេងទាំង ២ ទើបនៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ ត្រូវបានលោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាប១ បានហៅក្មេងស្រីទាំង២នាក់បងប្អូន មកដល់សាលាសង្កាត់របស់លោកស្រី និងឧបត្ថម្ភ ជួយជាសម្លៀកបំពាក់ ថវិកាបន្តិចបន្តួចដល់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីថែមទាំងបានជួយឲ្យក្មេងទាំង២នាក់បានចូលរៀនសូត្រនៅសាលាបឋមសិក្សាសុភមង្គល។ ជាមួយគ្នានេះដែរ លោកស្រីចៅសង្កាត់ សូមធ្វើការអំពាវនាវផងដែរ ដល់សប្បុរសជន ក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភដល់ក្មេងទាំង២ផង៕

Share This Post: